Thursday, March 17, 2011

សង្រ្គាម​ស៊ីសាច់​ហុត​ឈាម​គ្នា​ក្នុង​សភា​ថៃ ខណៈ​ខាង​​ប្រ​​ឆាំង​​ចោទ​​​អាប់​ភី​ស៊ីត​​​ជា​​អ្នក​​បញ្ជា​​សម្លាប់​​មនុស្ស​​៩១​នាក់

 ការបរិយាយ​មិន​ទុក​ចិត្ត​រដ្ឋាភិបាល​ថៃ ក្នុងលើកនេះ ចាត់​ទុក​ជា​សង្គ្រាម​ស៊ី​សាច់​ហុច​ឈាម​គ្នា​ក្នុង​សភា​ ដែល​មាន​ចំណុច​ក្តៅ​ទាំង​គណបក្ស​ប្រជាធិបតេយ្យ​របស់​រដ្ឋា​ភិបាល​ និង​គណបក្ស​ប្រឆាំង​ ដែល​មាន​ករណី​សម្លុត​​បើកភ័ស្តតាង​ និង Videoclip ​នរណា​នៅ​ពី​ក្រោយ​​ការ​​បាត់​​​បង់​​ជីវិត​របស់​ពួក​ក្រុម​អាវ​ក្រហម​​ចំនួន​ ៩១នាក់ និង របួស​ ២០០០នាក់...
 
 តាម​សារព័ត៌មាន​ថៃ បាន​ឲ្យ​ដឹង​នៅថ្ងៃទី​១៧ មិនា នេះថា ការ​ប្រជុំ​សភាថៃ​ ដែល​លើក​ឡើង​ករណី​មិន​ទុក​ចិត្ត​រដ្ឋា​ភិបាល​របស់​លោក​អាប់​ភីស៊ីត បាន​ចូល​ដល់​ថ្ងៃទី​៣ហើយ ដោយ​ក្រសែភ្នែក​គ្រប់​រូប​នៅ​​ក្នុង​សង្គម​ថៃ បដិសេធ​​មិន​បាន​ថា ត្រូវ​តែ​តាម​ដាន​​តាម​សម្លឹង​​ដោយ​មិន​ដាក់​ភ្នែក​ ទាំង​ខាង​​រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​លោក​អាប់ភីស៊ីត វេចាជីវ៉ា នាយក​រដ្ឋមន្រ្តីថៃ​ លោក សូថេប ធឿកបាន ឧបនាយក​រដ្ឋមន្ត្រី​​ទទួល​បន្ទុក​សន្តិសុខ​ជាតិ និង​ ខាង​បក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក ម៉ីង​ខ្វាន់ សែង​សុវ៉ាន់ គណបក្ស​ភឿថៃ រួម​ទាំងលោក ចាទូន ព្រំ​ផាន់ និង លោកនិយាយ​មិន​សន្សំ​ចៃ​​ម៉ាត់គឺលោក​ ​ឆាឡឺម យូបាំរ៉ុង ដោយ​​ទាំង​រដ្ឋាភិបាល​ និង​ខាង​ប្រឆាំង មាន​ចំណុច​ព័ត៌មាន​ក្តៅៗ លើក​ឡើង​​មក​ធ្វើ​សង្រ្គាម​ក្នុង​សភា ដែល​ចុងក្រោយ​ បាន​ធ្វើ​ឲ្យ​លោក អាប់​ភីស៊ីត​ ទាល់​ច្រក​ បាន​ប្រកាស​រំលាយ​សភា​នៅ​ក្នុង​សប្តាហ៍​ដំបូង ក្នុងខែ​ឧសភា ខាង​មុខនេះ ដើម្បី​រៀបចំ​បោះ​ឆ្នោត​សារជាថ្មី នៅ​​ពេល​បន្ទាប់​។
 
 ការ​បរិយាយ​មិនទុក​ចិត្ត​រដ្ឋាភិបាល របស់គណបក្ស​ប្រឆាំង បាន​ប្រើប្រាស់​វេទិកា​សភា​ធ្វើការ​វាយ​ប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​អាប់​ភីស៊ីត មាន​ជា​ច្រើន​រឿង ដូចជា រឿង​បញ្ហា​សេដ្ឋកិច្ច តម្លៃទំនិញឡើង​ខ្ពស់កប់​ពពក ទាំង​ប្រេង​ឆា ស្ករស  និង គ្រឿង​បរិភោគ​​ផ្សេងៗទៀត រួមទាំង​បញ្ហា​ជីវភាព​​ក្រីក្រ​របស់​ប្រជា​ជន ដែល​ខាង​បក្ស​ប្រឆាំង​រដ្ឋាភិបាល​ចោទ​ទៅ​ការ​ដឹក​នាំ​ដែល​មិន​ត្រឹម​ត្រូវ​​របស់​រដ្ឋាភិបាល​ កើត​ចេញ​អំពើ​​ទុច្ចរិត​ និង អំពើពុក​រលួយ រួមទាំងការ​គេច​ពន្ធ​បារី​តម្លៃ​ ៦,៨ ម៉ឺន​លានបាត និង បញ្ហា​ប្រើ​អំពើ​ហឹង្សា​ក្នុង​ការ​បំបែក​ហ្វូង​បាតុករ​នៅ​បរិវេណ​ផ្លូវបំបែក​ រ៉ាច ឆា​ប្រាសុង ​រហូត​ធ្វើ​ឲ្យ​មាន​អ្នក​បាត់​ជីវិត ៩១នាក់ និង របួស​ជាង ២០០០នាក់ ដែល​ខាង​រដ្ឋា​ភិបាល​អាប់​ភីស៊ីត ក៏​បាន​អះ​អាង​ឆ្លើយ​តប​ទៅ​គណបក្ស​ប្រឆាំង​រួច​ហើយ។ ប៉ុន្តែ​ករណី​ការ​បាត់​ជីវិត​ក្រុម​ហ្វូង​បាតុករ នៅ​ រ៉ាច ឆា​ប្រាសុង កាលពីថ្ងៃទី​១៩ ឧសភា ឆ្នាំកន្លងមក និង​ ការ​ដុត​បំផ្លាញ​ហាង​ទំនិញ​ Central World ធ្វើ​​ឲ្យ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ ខាង​ប្រឆាំង​បាន​ពោល​ចោទ​ទៅ​លោក អាប់​ភីស៊ីត ជាអ្នក​បញ្ជាទាហាន​ឲ្យ​ប្រើអំពើ​ហឹង្សា​ទៅ​លើក្រុម​​ជួប​ជុំ ព្រមទាំង​សម្លុត​ នឹងបើក​ Videoclip ពីលោក ចាទូន ព្រំផាន់ និង​ មេដឹកនាំ​ក្រុមអាវក្រហម​ដទៃទៀត រហូត​បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ឡើង​កម្តៅ ១០០អង្សា ទ្រាំមិន​បាន​ ក៏ឡើង​ឆ្លើយ​ត្រឡប់វិញថា ត្រូវ​រង់ចាំ​មើល​ ព័ត៌មាន​ក្នុងការ​បរិយាយ​មិនទុក​ចិត្ត​​ក្នុង​សភា​លើកនេះសិន ហើយ​នឹង​ដឹងថា នរណា​ពិតប្រាកដ​ដែល​ត្រូវ​ការ​ឲ្យ​មាន​អ្នក​ស្លាប់​ ហើយ​នរណា​ជាអ្នក​ដុត​ហាងទំនិញ Central World​។ ដោយ​សភាឲ្យ​មានការ​បើក​ Videoclip នៃហេតុការណ៍​ទាំង​សង​ខាង​ ដើម្បី​ពិសោធន៍​រក​ការពិត ដែល​ធ្វើ​ឲ្យ​មានសង្គ្រាម​ក្នុងសភា​មាន​ការ​ប្រយុទ្ធ​គ្នា យ៉ាង​ក្តៅគគុក។
 ដោយឡែក​មួយ​ទៀត ក្រុម​ខាង​ក្រុម​បក្សប្រឆាំង  បាន​ធ្វើការ​វាយ​​ប្រហារ​ទៅ​លើ​លោក កាស៊ីត​ភីរម្យ រដ្ឋមន្រ្តីក្រ​សួង​ការ​បរទេស​ថៃ ដោយ​ចោទថា លោក កាស៊ីត ជាមនុស្ស​អសមត្ថភាព​ក្នុងការ​ដឹកនាំ​ក្រសួង ពិសេសក្នុង​ការ​ទំនាក់​ទំនង​ការទូត​ជាមួយ​ប្រទេស​ជិត​ខាង គឺដោះ​ស្រាយ​អ្វី​មិនចេញ​ទាំងអស់ មានតែដោះ​ស្រាយ​បង្ក​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជាមិត្ត ធ្វើ​ឲ្យ​ខាត​បង់​ខាង​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ ដោយ​សារ​ការ​ដោះ​ស្រាយ​តាម​ការទូត​​មិន​បាន​ល្អ​ រួម​ទាំង​បង្ក​សង្គ្រាម​ជាមួយ​កម្ពុជាថែមទៀតផង។
 ព័ត៌មាន​ចុងក្រោយ​នៅ​ព្រឹក​ថ្ងៃទី​១៧ នេះ​ ដែលថ្ងៃទី៣ ការបរិយាយ​មិនទុកចិត្ត​រដ្ឋាភិបាល​ គេសង្កេត​ឃើញ​មានកងកម្លាំង​​​តំរួត​ និង រថយន្ត​ការពារ​យ៉ាង​ច្រើន​ដាក់​ត្រៀម​នៅ​ជុំវិញ​អគារ​រដ្ឋសភា ដើម្បីការ​ពារ​ខ្លាច​ក្រែង​មាន​ក្រុម​ពួក​​ជួបជុំ​​ បុក​ចូល​មុខ​រដ្ឋសភា ដែលកំពុង​ធ្វើការ​ប្រជុំ៕
 
 
 
 

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys