ដោយ ខែ សុណង
2011-03-17
ក្រុមកម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់មួយក្នុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែកើតទុក្ខមិនសុខចិត្ត ដោយសារតែម្ចាស់រោងចក្របានបិទរោងចក្រ និងកំពុងព្យាយាមដឹកជញ្ជូនសម្ភារៈចេញពីរោងចក្រ ហើយមិនទាន់ដោះស្រាយសំណងជាមួយពួកគេ។
១៧-មីនា-២០១១: កម្មកររោងចក្រ តាក ហ្វាត (TaK Fat) ឈររារាំងមិនឲ្យថៅកែដឹកជញ្ជូនអីវ៉ាន់ចេញពីរោងចក្រ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្មករកម្មការិនីរោងចក្រ តាក ហ្វាត (Tak Fat) រាប់រយនាក់កំពុងអង្គុយសំកុកនៅជុំវិញបរិវេណ និងក្នុងរោងចក្រ ប៉ុន្តែពួកគេមិនបានបំពេញការងារទេ ដោយពួកគេអង្គុយឃ្លាំមើលមិនឲ្យថៅកែដឹកម៉ាស៊ីនដេរ តុកាត់ និងសម្ភារៈមានតម្លៃជាច្រើនទៀតចេញពីរោងចក្រ ក្នុងគ្រាដែលថៅកែរោងចក្រពុំទាន់រកដំណោះស្រាយសមរម្យដល់កម្មករ នោះ។លោក ដេត ស៊ីដា កម្មករម្នាក់ដែលធ្វើការនៅរោងចក្រ តាក ហ្វាត នេះអស់រយៈពេល ១៥ឆ្នាំមកហើយ បានផ្ដល់សម្ភាសន៍នៅថ្ងៃទី១៧ ខែមីនាថា ថៅកែរោងចក្របានព្យាយាមចរចាជាមួយកម្មករនូវដំណោះស្រាយដដែលៗ ដែលពួកគាត់មិនអាចទទួលយកបាន។ បញ្ហានេះលោកថា គឺដោយសារថៅកែធ្វើការពន្យារពេលដើម្បីយកឱកាសដឹកសម្ភារៈមានតម្លៃ ចេញពីរោងចក្រ។
លោក ដេត ស៊ីដា បន្តថា ៖ «ពីយូរណាស់ហើយ ក្រុមហ៊ុនហ្នឹងចេះតែព្យាយាមដឹករបស់របរចេញ ដូចជាម៉ាស៊ីនដេរ ម៉ាស៊ីនបោកគក់ ម៉ាស៊ីនកាត់ លក់ក្រណាត់ អំបោះ និងរបស់ផ្សេងៗទៀត ដូចជាកុំព្យូទ័រ គេដឹកចេញអស់ហើយ។ ពេលយប់ ម៉ោង២ ម៉ោង៣ ឬម៉ោង១១ យប់គាត់លួចដឹកចេញ ហើយដូចជាម្សិលមិញ (១៦ មីនា) គាត់ដឹកចេញទៀត។ ពួកខ្ញុំមានការព្រួយបារម្ភ ព្រោះមិនទាន់ទូទាត់តាមផ្លូវច្បាប់ ដូច្នេះពួកខ្ញុំត្រូវតែដាក់ការយាមកាមក្នុងនោះ»។
កម្មការិនីម្នាក់ទៀតឈ្មោះ យុង លាភ បានថ្លែងថា ថៅកែរោងចក្របានបញ្ឈប់មិនឲ្យកម្មករចូលធ្វើការតាំងពីថ្ងៃទី១៦ ខែមីនាមក ដោយពុំមានមូលហេតុឡើយ។ នាងបន្តថា ថៅកែបានចរចាទូទាត់ថា ផ្ដល់ប្រាក់ខែឲ្យកម្មករតែចំនួនត្រឹមថ្ងៃទី១ ខែមីនា រហូតដល់ថ្ងៃទី១៥ ខែមីនា រីឯប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដូចជាប្រាក់ជូនដំណឹង ប្រាក់បណ្ដេញចេញ ប្រាក់សោហ៊ុយជំងឺចិត្ត ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ឬប្រាក់អតីតភាពការងាររបស់ពួកគេ ថៅកែពុំបានរកដំណោះស្រាយតាមច្បាប់ស្ដីពីការងារឡើយ។
កម្មការិនី យុង លាភ បន្ថែមថា ៖ «កម្មករនៅ តាក ហ្វាត បើគិតគូរតាមផ្លូវច្បាប់ឲ្យគាត់ គាត់មិនអាចទទួលបានប៉ុណ្ណឹងទេ ពីព្រោះអីគាត់ធ្វើការនៅហ្នឹងតិចបំផុតពី ៧ ទៅ ១៥ឆ្នាំក្នុងម្នាក់។ កម្មករនៅ តាក ហ្វាត មិនចង់បានអ្វីទេ គឺសុំឲ្យថៅកែគោរពច្បាប់ស្ដីពីការងារនៃព្រះរាជាណាចក្រកម្ពុជា»។
កញ្ញាបានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០១០ ថៅកែរោងចក្រនេះបានបញ្ឈប់កម្មករចំនួន ៨៧នាក់ ខុសនីតិវិធីច្បាប់ម្ដងរួចមកហើយ ដោយប្ដឹងកម្មករទាំងនោះទៅតុលាការ ហើយថែមទាំងមិនបានទូទាត់ប្រាក់អត្ថប្រយោជន៍ឲ្យអ្នកទាំងនោះទៀត ផង។
ឆ្លើយតបបញ្ហានេះ លោកមេធាវី ស្រ៊ី គីមយូ តំណាងភាគីថៅកែរោងចក្រ តាក ហ្វាត មានប្រសាសន៍ថា ក្នុងពេលនេះក្រុមហ៊ុនមានលទ្ធភាពផ្ដល់ជូនដល់កម្មករតែត្រឹមប្រាក់ ខែដែលបានធ្វើចាប់ពីថ្ងៃទី១ មីនា ដល់ថ្ងៃទី១៥ ខែមីនា និងប្រាក់បំណាច់ឆ្នាំ ក្រុមហ៊ុនផ្ដល់ជូនតែ ១៥០ដុល្លារក្នុងម្នាក់ៗ ៖ «ស្អែកនេះខ្ញុំអាចមានព័ត៌មានអីខ្ញុំចុះទៅប្រាប់កម្មករ បើសិនជាមានការសម្រេចថ្មីណា។ និយាយជាសាមញ្ញហ្នឹង គឺគាត់រកស៊ីទៅលែងរួចតែម្ដង»។
យ៉ាងនេះក្តី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានថ្លែងថា សហជីពមិនមានសង្ឃឹមថា ក្រសួងការងារ និងក្រសួងសង្គមកិច្ច នឹងជួយអន្តរាគមន៍រកដំណោះស្រាយណាមួយសមស្របតាមច្បាប់ជូនកម្មករ ឡើយ។
លោក ជា មុនី មានប្រសាសន៍ដូច្នេះ ៖ «រយៈពេលកន្លងមក តាក ហ្វាត នេះមិនដំណើរការល្អទេ គាត់យកទំនិញពីគេមកធ្វើទេ គឺចាប់តាំងពីកម្មករ ១ម៉ឺននាក់ ធ្លាក់មកនៅកម្មករតែជិត ១ពាន់នាក់ទេ គាត់បោះបង់កម្មករជាបណ្ដើរៗ រហូតមកដល់ឥឡូវយើងឃើញថា ជាស្ថាពរហើយ គឺរោងចក្រនេះបិទទ្វារដោយបន្សល់ឲ្យកម្មករកម្មការិនីជិត ១ពាន់នាក់បាត់បង់ការងារ និងអត់ទូទាត់ប្រាក់ទៅតាមផ្លូវច្បាប់...»។
ទោះជាយ៉ាងណា ក្រុមកម្មករកម្មការិនីទាំងនោះ បានអះអាងថា ថៅកែរោងចក្រនេះពុំក្ស័យធននោះទេ ដោយពួកគេបញ្ជាក់ថា សាខាជាច្រើនរបស់ថៅកែរោងចក្រនេះនៅដំណើរការទាំងអស់។
ប្រភពពីក្រុមកម្មករបានឲ្យដឹងទៀតថា ពួកគេកំពុងរៀបចំលិខិតមួយដើម្បីផ្ដិតមេដៃដាក់ទៅលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំការអន្តរាគមន៍ពីករណីនេះ។ រោងចក្រកាត់ដេរខោអាវនាំចេញ តាក ហ្វាតនេះ មានកម្មករបំពេញការងារប្រមាណ ១.០០០នាក់៕
0 comments:
Post a Comment