Tuesday, March 22, 2011

ម៉ូតូ​ចោរប្លន់​​បាត់​២ថ្ងៃ​ដើរ​រក​​ប្រទះឃើញ​​ជនសង្ស័យ​​កំពុងលា​ងទឹក

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

ជនសង្ស័យ​​រូបនោះ​​ឈ្មោះ​​ឃីម ​សុខហៀង ​​អាយុ​​១៩​ឆ្នាំ

(រូបថត ចោមចៅ)

ជនសង្ស័យ​​រូបនោះ​​ឈ្មោះ​​ឃីម ​សុខហៀង ​​អាយុ​​១៩​ឆ្នាំ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​​ម្នាក់​ក្នុង​ចំណោម​​​បក្សពួក​​២នាក់​ត្រូវ​​​កម្លាំង​ប៉ូលិស​​ ប៉ុស្តិ៍​ព្រៃស ប៉ូលិស​ប៉ុស្តិ៍​ស្ពានថ្ម ​និង​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​ខណ្ឌដង្កោ ​ចាប់ខ្លួន​​​ជាប់ចោទ​ពី​បទ​ប្លន់​​​ម៉ូតូ​​ ខណៈ​កំពុង​លាង​​ម៉ូតូ​នៅខាង​មុខផ្ទះ​ ចៃដន្យ​​ត្រូវ​ម្ចាស់​ម៉ូតូ​ប្រទះឃើញ​​ក៏បានប្តឹង​​​ប៉ូលិស​​ឱ្យ​ចាប់​ ខ្លួនតែ​ម្តង ។ ​ហេតុការណ៍​នោះកើតឡើង​​កាល​​ពីវេលា​ម៉ោង​​​​៩ព្រឹក​ថ្ងៃទី​​​២១ មីនា ឆ្នាំ​២០១១ ​នៅក្នុង​​ភូមិ​​ម៉ឺន​​ត្រា ​សង្កាត់​​ស្ពានថ្ម ខណ្ឌ​ដង្កោ ​​​​។ ​

ជនសង្ស័យ​​រូបនោះ​​ឈ្មោះ​​ឃីម ​សុខហៀង ​​អាយុ​​១៩​ឆ្នាំ ​មានទីលំនៅ​​​ភូមិទួល​សំបូរ សង្កាត់​ព្រៃវែង ​ខណ្ឌ​​​ដង្កោ ​ឯ​បក្ស​ពួក​​ម្នាក់​ទៀត​​គេច ខ្លួន​បាត់ ។ ពួកគេត្រូវ​​​បាន​ប៉ូលិស​​អះ​អាង​ថា ​ជិះ​ម៉ូតូ​​១គ្រឿង​​ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ​​​២០០៦ ពណ៌ខ្មៅ ​​ដែលខ្ចី​ពី​មន្ត្រីប៉ូលិស​​​ខណ្ឌសែនសុខ ​ម្នាក់ និង​​​ប្រើដាវ​​​១ដើម ក្នុង​ពេល​​ចេញធ្វើស​កម្ម​ភាព​នោះ ។ ចំណែក​​ឯ​ម៉ូតូដែល​ក្រុមជនសង្ស័យ​​ប្លន់នោះ​​ម៉ាក​ហុងដា​ ICON ពណ៌ផ្កាឈូក ​លាយ​ស ​​ជា​កម្ម​​សិទ្ធិ​របស់​​ជនរងគ្រោះ​ឈ្មោះ​​យឿន សុភាព​ ភេទប្រុស អាយុ​​​២០​ឆ្នាំ មានទី​លំនៅ​​ព្រែក​​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ​​រង​របួស​​​១​ដាវ​ចំស្លាប​ប្រចៀវ ។

​តាមប្រភពពីមន្ត្រី​​​ប៉ូលិស​បាន​ឱ្យ​​ដឹង​ថា ​សកម្មភាពប្លន់​ខាងលើ​​នោះ​​​​កើត​ឡើង​​កាល​ពី​​ពាក់​កណ្តាល​​អធ្រាត្រ​​ ថ្ងៃទី​១៩ មីនា ​តាម​​ផ្លូវជិត​​វត្តហា ​ភូមិ​​ពាម​ សង្កាត់​សាក់​សំពៅ ​​ខណ្ឌដង្កោ ។ ​​​នៅ​មុន​ពេលកើតហេតុ​​ ​ជន​រង​គ្រោះ​​បានជិះម៉ូតូ​ចេញពីផ្ទះ​ ឆ្ពោះទៅ​​កន្លែង​​​រាំ​វង់​នៅ​ភូមិ​​អន្លូង​​គង សង្កាត់​ព្រៃស ​លុះ​ពេល​ទៅដល់​ចំណុច​​កើតហេតុ​​ខាងលើ ​ស្រាប់តែ​​មានជន​​សង្ស័យ​២នាក់ជិះ​ម៉ូតូ​​ហុងដា C125 ស៊េរី​ឆ្នាំ​​២០០៦ ពណ៌ខ្មៅ ​បិទ​ភ្លើង​​ដេញ​​តាមពីក្រោយ។

ប្រភពដដែល​បានបន្ត​​ថា ខណៈ​នោះ​ក្រុម​ជន​សង្ស័យ​​បានធ្វើ​សកម្មភាព​​កៀរ​​ម៉ូតូ​​ជនរងគ្រោះ​ឱ្យ​​ ឈប់​​​រួច​កាប់​​​​​១ដាវចំ​ស្លាប​ប្រចៀវ ​បណ្តាល​ឱ្យ​​​រង​​របួស​​ ពេលនោះជន​រងគ្រោះ​​​ក៏​បាន​​ផ្តួល​ម៉ូតូ​​រួច​រត់​​​គេចពីការ​​កាប់សម្លាប់​ ​នោះ​ ហើយ​​​ក៏​ត្រូវ​​ក្រុម​​​ជនសង្ស័យ​​លើក​យកម៉ូតូជិះ​គេចខ្លួន​បាត់​​ទៅ ។​

ប្រភពដដែល​​បានបន្តទៀត​ថា ​ក្រោយ​​​ពេល​ប្លន់​​បាន ក្រុម​ជនសង្ស័យ​​បានយកម៉ូតូជិះឌុប​ស្រី​​ស្នេហ៍​ដើរ​លេង និង​ដោះស្លាកលេខ​​ចោល ដើម្បី​​​បំភាន់​​ភ្នែក​​​​​ម្ចាស់ម៉ូតូ​ ។ ​ចំណែក​​ឯ​ម្ចាស់ម៉ូតូ​មិន​បាន​​ស្គាល់​មុខ​ក្រុមចោរ​​ទេ ប៉ុន្តែ​​បានស្គាល់​​ស្លាក​​លេខម៉ូតូ​​​ដែលជនសង្ស័យ​​ជិះធ្វើស​កម្មភាព និងបាន​ប្តឹង​ប៉ូលិស​​​ភ្លាមៗដែរ ។ មិនតែប៉ុណ្ណោះ ​ម្ចាស់ម៉ូតូ​​បាន​ព្យា​​យាម​​ដើរ​រកម៉ូតូ​គ្រប់ច្រក​​ល្ហក រហូត​​រយៈ​ពេល​​២ថ្ងៃក្រោយ​មក​​ ទើបប្រទះ​ឃើញ​​ម៉ូតូរបស់ខ្លួន​​ដែល​ត្រូវជនសង្ស័យ​​ឈ្មោះ​​ឃីម ​សុខហៀង ​កំពុង​លាង​ទឹកនៅ​មុខផ្ទះ ហើយ​ក៏​​ប្តឹង​ប៉ូលិស​​ឱ្យចាប់ខ្លួន​​តែម្តង ។ ក្រោយ​ពេល​ចាប់ខ្លួន​​​ ប៉ូលិស​​បាន​ធ្វើការ​ស្រាវ​ជ្រាវ​​ដក​ហូត​យកម៉ូតូដែលជន​​សង្ស័យជិះ​​ធ្វើ​ សកម្មភាព​​ម៉ាក C125 ស៊េរី​ឆ្នាំ​​២០០៦ ​ពណ៌​ខ្មៅ ​១គ្រឿង ​ពាក់​ស្លាកលេខ ​កណ្តាល 1F-1285 ព្រមទាំង​​ឃាត់​ខ្លួន​​​ម្ចាស់ម៉ូតូ​​ជា​មន្ត្រី​​ប៉ូលិស​ខណ្ឌ​​ សែនសុខម្នាក់ ដែល​​ឱ្យម៉ូតូនោះទៅជនសង្ស័យ​​​ខ្ចី​ជិះ​​​ ហើយ​ជន​​ទាំងនោះ​​​បែរ​ជា​​ជិះ​​ធ្វើសកម្ម​ភាព​ប្លន់​ទៅវិញ​ ។

ចំណែក​ឯជន​សង្ស័យ​​ត្រូវ​ចាប់ខ្លួន បានសារ​ភាព​​ប្រាប់ប៉ូលិស​ថា ​ខ្លួន​មិន​បាន​ធ្វើ​សកម្មភាព​ប្លន់​នោះ​​ទេ ហើយ​​ក៏មិន​បានខ្ចី​​​​ម៉ូតូពី មន្ត្រី​​ប៉ូលិស​ជិះ​​ធ្វើសកម្មភាពអ្វីដែរ ​​រីឯម៉ូតូ​​​ម៉ាក ICON មួយគ្រឿង ដែលខ្លួន​លាង​ទឹក​​នោះ​គឺ​បាន​​ខ្ចីពី​ឈ្មោះ​​មុំ​ ភារម្យ អាយុ​​២២​ឆ្នាំ ​និង​ឈ្មោះ​​ប៉ក់ វណ្ណៈ ​អាយុ​​២៤​ឆ្នាំ ​មានទីលំនៅ​​ភូមិ​​​កំរែង សង្កាត់​​​​សាក់សំពៅ ​ដើម្បីជិះ​ ព្រោះ​​ជនទាំង​​២​នាក់​នោះ​គឺជា​មិត្ត​​ភក្តិ​​ហើយ​​ក៏មិនដឹង​ថា ​​ពួកគេ​​បាន​ម៉ូតូ​នោះមក​​ពីណាដែរ ៕​

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys