Monday, March 21, 2011

អ្នក​ភូមិ​បឹងកក់ ៖ យើង​ឈប់​ចង់​បាន​ការ​ចរចា​ហើយ យើង​ចង់​ឲ្យ​មាន​ការ​ដោះ​ស្រាយ

ពីព្រឹក​ព្រលឹម​នៅ​ថ្ងៃ​ចន្ទ ទី២១ មីនា នេះ ប្រជា​ពល​រដ្ឋ​សហ​គមន៏​បឹងកក់​ប្រមាណ​១៥០នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ច្រក​ចូល​សាលា​ក្រុង​ភ្នំពេញ ជាមួយ​ការ​ស្រែក​ទាម​ទារ​យ៉ាង​សន្ធាប់​ថា យើង​ឈប់​ចង់​បាន​ការ​ចរចា​ហើយ ពួក​យើង​ចង់​បាន​ការ​ដោះ​ស្រាយ​មួយ​ដែល​មាន​ភាព​ច្បាស់​លាស់។ ការ​ចរចា​ដែល​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ក្នុង​សហគមន៏​និយាយ​ថា វា​បាន​ក្លាយ​ទៅ​ជា​ការ​បោក​ប្រាស់​ម្តង​ហើយ ម្តង​ទៀត ដោយ​សាលា​ក្រុង​ភ្នំពេញ។

អ្នកបឹងកក់ក្នុងពេលតវ៉ានៅខាងមុខសាលាក្រុងភ្នំពេញកាល ពីព្រឹកមិញ

ក្រុម​អ្នក​ភូមិ​ដែល​មាន​ក្មេង ចាស់ ប្រុសស្រី និង​មាន​ឧបករណ៏​បំពង​សម្លេង​នៅ​ក្នុង​ដៃ​ផង​នោះ បាន​ក្តាប់​ដៃ ហើយ​ស្រែក​ទាម​ទារ​ព្រមៗ​គ្នា​ថា «ចេញ​មក ឯកឧត្តម កែប ជុតិមា ដើម្បី​និយាយ​គ្នា​រឿង​ដី​១៥ហិកតា អភិវឌ្ឍន៏​លំនៅ​ដ្ឋាន​នៅ​នឹង​កន្លែង។ យើង​ឈប់​ជឿ​លើ​ការ​ចរចា​របស់​អ្នក​ឯង​ហើយ។ ហេតុអី បាន​ជា​អ្នក​ឯង​មិន​ចេញ, ពួក​ឯង​កំសាក ហ៊ាន​ចេញ​មុខ​តែ​នៅ​ពេល​ការ​ឃោសនា​រក​សម្លេង​ឆ្នោត ប៉ុន្តែ​នៅ​ពេល​នេះ យើង​ជួប​បញ្ហា ពួក​អ្នក​ឯង​បាន​បិទ​មុខ​ដូច​ពង្រូល។

រហូត​ដល់​ម៉ោង​ប្រមាណ​១០ ប្រជា​ពល​រដ្ឋ​នៅ​តែ​បាន​ធ្វើ​ការ​ទាម​ទារ​យ៉ាង​ស្វិត​ស្វាញ បើ​ទោះ​បី​ជា​រថ​យន្ត​ល្បើក​របស់​សាលា​ខណ្ឌ​ដូន​ពេញ​ចំនួន​២គ្រឿង​ត្រូវ​បាន ​ត្រៀម​ចាំ ជាមួយ​ក្រុម​អន្តរា​គមន៏​ដែល​ប្រដាប់​ដោយ​គ្រាប់​បែក​ផ្សែង និង​ដំបង​ឆក់​ប្រមាណ​ជាង​៥០នាក់​នៅ​ឈរ​ត្រៀប​ត្រា ជាមួយ​ការ​ចុច​ដំបង​ឆក់​បញ្ចេញ​ភ្លើង​ពណ៌​ខៀវ លឺ​សូរ​ប្រែសៗ ជា​ការ​គំរាម​ដល់​ប្រជា​ពល​រដ្ឋ​ដែល​មាន​ការ​ឈឺ​ចាប់​ទាំង​នោះ​ក្តី ក៏​ពួក​គាត់​ពុំ​បាន​ថម​ថយ​ឡើយ គឺ​គ្រាន់​តែ​ផ្លាស់​ប្តូរ​ស្ថាន​ភាព​នៃ​ការ​តវ៉ាពី​ឈរ​មក​អង្គុយ​តែ​ ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ ក្រុម​មន្រ្តី​សាលា​ខណ្ឌ​បាន​សាកល្បង​មក​និយាយ​ជាមួយ​ពួក​គាត់ឲ្យ​ផ្លាស់​ ប្តូរ​ទីតាំង​ការ​ចរចា ពី​ខាងមុខ​សាលា​ក្រុង ទៅ​កាន់​ទីលាន​ប្រជាធិប​តេយ្យ នៅខាង​មុខ​ស្ថានីយ៏​រថ​ភ្លើង​វិញ, ប៉ុន្តែ​ក្រុម​ប្រជា​ពល​រដ្ឋ​បាន​បដិសេធ​ដាច់​អហង្កា​ចំពោះ​ទីលាន​មួយ​ដែល​ ត្រូវ​បាន​លើក​ឡើង​ថា មាន​ភាព​ស្ងាត់​ជ្រងំ​ដូច​ទី​ស្មរ​សាន​នោះ។

ដោយ​ពុំ​មាន​ការ​ថម​ថយពី​ប្រជា​ពល​រដ្ឋ​ និង​មាន​ការ​សង្រ្គឺត​ខ្លាំង​ពី​កម្លាំង​បង្រ្កាប​បាតុកម្ម ដែល​ត្រូវ​បាន​គេ​យក​មក​សម្រាប់​បង្រ្កាប​លើ​ប្រជា​ពល​រដ្ឋ​ដែល​តវ៉ា​ដោយ​ សន្តិ​វិធី​នោះ ទី​បំផុត​ទៅ​នៅ​ម៉ោង​ប្រមាណ​១១ និង​២០នាទី សាលា​ក្រុង​ភ្នំពេញ​បាន​អនុញ្ញាតិ​ឲ្យ​អ្នក​តំណាង​ប្រជា​ពល​រដ្ឋ​ចំនួន​ ៥នាក់​ចូល​ជួប ដើម្បី​ពិភាក្សា​ចំពោះ​សំណើ​ទាម​ទារ​របស់​ពួក​គេ ដែល​សុំ​ផ្ទៃ​ដី​ទំហំ​១៥ហិកតា​នៅ​តំបន់​បឹងកក់​សម្រាប់​ការ​សាង​សង់​លំនៅ​នៅ ​នឹង​កន្លែង ដែល​បាន​ដាក់​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​កាល​ពី​សប្តាហ៏​មុន​នោះ។ បើ​ទោះ​ជា​ដូច្នេះ​ក្តី ប្រជា​ពល​រដ្ឋ​បាន​និយាយ​ថា ពួក​គាត់​នឹង​ធ្វើ​ការ​តវ៉ា​របៀប​នេះ​ដោយ​មិន​ទទួល​យក​ការ​ចរចា​ទេ បើ​សិន​ជា​ដំណោះ​ស្រាយ​មួយ​ពុំ​ត្រូវ​បាន​ធ្វើ​សម្រាប់​សំណើ​របស់​ពួក​គាត់​ នោះ។ រហូត​មកដ​ល់​ម៉ោង​១១ និង​៤០នាទី លទ្ធ​ផល​នៃ​ការ​ជួប​ពិភាក្សា​នោះ​ពុំ​ទាន់​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ដឹង​នៅ​ ឡើយ​ទេ៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys