Monday, March 21, 2011

អតីត​មេ​ខ្មែរ​ក្រហម​នួន​ ប៉ែត ផ្ទុះកំប៉ុងហ្គាស​នៅក្នុង​គុករបួស នាំ​ចូល​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

រាជ​ធានី​ភ្នំពេញ​ ៖ អតីត​មេ​ខ្មែរ​ក្រហម​នៅ​តំបន់​ភ្នំ​វល្លិបច្ចុប្បន្ន​ជា​ទណ្ឌិត​​ក្នុង​ពន្ធ ​នា​គារ​ព្រៃ​ស​បាន​ជួប​គ្រោះ​អកុសល​ផ្ទុះ​កំប៉ុង​​​ហ្គាស​ឆេះ​ខ្លោច​ពេញ​ ផ្ទៃ​មុខ​ និង​ខ្លួន​ប្រាណ​កាល​ពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​១៩ មីនា ហើយ​ត្រូវ​គេ​បញ្ជូន​​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​។ អតីត​មេ​ខ្មែរ​ក្រហម​រូប​នេះ​ឈ្មោះ​ឃុន គឹម ហៅ​នួន ប៉ែត ឬ​តា​ប៉ែត​ អាយុ​៦៥​ឆ្នាំ ។ តាមសមត្ថ​កិច្ច​ដែល​យាម​នៅ​ពី​មុខ​បន្ទប់​តា​ប៉ែត​ឱ្យ​ដឹង​​ថា នួន ប៉ែត របួស​ដោយ​សារ​​ផ្ទុះ​កំប៉ុង​​​ហ្គាស​​ ហើយ​​កំពុង​ព្យាបាល​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​។

ទាក់​ទិន​នឹង​ហេតុ​ការណ៍​នេះ​សាច់​ញាតិ​​ឱ្យ​ដឹង​ថា ខណៈនួន​ ប៉ែត កំពុង​អង្គុយ​ហូប​បាយ​ស្រាប់​តែ​មាន​អ្នក​យួរ​កំប៉ុង​​ហ្គាស​ដើរ​កាត់​ ហើយ​ជ្រុះ​បណ្តាល​​ឱ្យ​​ផ្ទុះ​ឆាប​ឆេះ​រោល​ខ្មៅ​ពេញ​ផ្ទៃ​មុខ និង​ដង​ខ្លួន។ ​នៅ​វេលា​ម៉ោង​៧ និង​២០​នាទី​យប់​ នួន ប៉ែត​ ត្រូវ​រថ​យន្ត​ពន្ធ​នា​គារ​ព្រៃ​ស​​ដឹក​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​ កុសុមៈ​។ ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​របស់​នួន ប៉ែត លោក​វេជ្ជ​បណ្ឌិត​ នាក់​ មីនា ប្រចាំ​ផ្នែក​សង្គ្រោះ​បន្ទាន់​កំរិត​ធ្ងន់​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ​នួន​ ប៉ែត ខណៈ​ពេល​ទើប​​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​បាត់​បង់​ជាតិ​ទឹក​ច្រើន​ដោយ​សារ​ បន្ទាប់​ពី​រលាក​នោះ​ស្បែក​​ឡើង​ពង​ ដូច្នេះ​ហើយ​គ្រូ​ពេទ្យ​បាន​បញ្ចូល​ទឹក​ តាម​ដាន​ទឹក​នោម និង​ទប់​ស្កាត់​ការ​ឈឺ​ចាប់​ ។

មក​ដល់​ព្រឹក​​ថ្ងៃ​ទី​​២១ មីនា ស្ថាន​ភាព​របស់​នួន ប៉ែត គ្រប់​គ្រង​បាន​​ មិន​មាន​អ្វី​​ប្រែ​ប្រួលទេ​ ចំណែក​សម្ពាធ​ឈាម និង​ការ​ហូប​ចុក​ធម្មតា​ឡើង​វិញ​ហើយ​។​ លោក​វេជ្ជ​បណ្ឌិត​​បញ្ជាក់​ថា ការ​រលាក​ចែក​ចេញ​ជា​បី​ដំណាក់​កាល តែ​ដោយ​ឡែក​​ចំពោះ​ការ​រលាក​របស់​លោក​នួន ប៉ែត​ ស្ថិត​ក្នុង​ដំណាក់​កាល​ទី​ពីរ គឺ​កំរិត​រលាក​ពី​៤០​ទៅ​៤៥​ភាគ​រយ​។ លោក​វេជ្ជ​បណ្ឌិតឱ្យ​​​ដឹងតាម​ការ​អះ​អាង​របស់​ ក្រុម​គ្រួសារ​​ថា នួន ប៉ែត ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​កំពុង​តែ​ព្យា​បាល​ ដូច្នេះជំងឺ​​នេះគឺ​ជា​បញ្ហា​ព្រួយ​បារម្ភ​មួយ​ដែលធ្វើ​ឱ្យ​មុខ​របួស​ក្រ​ជា ​សះ​ស្បើយ និង​ម្យ៉ាង​ទៀត​វ័យ​ចាស់​​ក៏​ប្រឈម​នឹង​បញ្ហា​មិន​ងាយ​ដុះ​សាច់​ថ្មី​ឡើង​ វិញ​ដែរ ដូច្នេះ​មានការព្យាបាលយូរ​ ៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys