ដោយ ៖ អប្សរា
ថ្ងៃ ពុធ ទី ១៦ ខែ មិនា ឆ្នាំ ២០១១
Koh Santepheap Daily

រន្ទះប្រល័យ ២នាក់ ប្តីប្រពន្ធ កូន តូចៗ ២ នាក់ លេង ក្បែរ នោះ មើល សព ឪពុក - ម្តាយ ដោយ ងឿង ឆ្ងល់ (រូបថត សំរោង)
ខេត្តឧត្តរមានជ័យ ៖ ភ្លៀងមួយមេធំបានបង្កជាផ្លេកបន្ទោរ និងរន្ទះគួរឱ្យភ័យខ្លាចកាលពីវេលាម៉ោង៣និង៤០នាទី ថ្ងៃទី១៥ មីនា ហើយបានបង្កឱ្យមានសោកនាដកម្មកើតឡើង ដោយសាររន្ទះបាញ់បានឆក់យកជីវិត២នាក់ប្តីប្រពន្ធស្លាប់ចោលកូន ប្រុសស្រី២នាក់ តែក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះនៅភូមិទួលទ្រា ឃុំត្រពាំងសាវ ស្រុកអន្លង់វែង ។ ជនរងគ្រោះជាប្តីឈ្មោះហាប់ ហុន ភេទប្រុស អាយុ២២ឆ្នាំ និងប្រពន្ធឈ្មោះទ្រី ស្រីណា អាយុ២១ឆ្នាំ មុខរបរធ្វើស្រែចំការមានកូន២នាក់ ដែលកូនច្បងប្រុសអាយុ៣ឆ្នាំ និងកូនស្រីប្អូនអាយុ១ឆ្នាំ។ ស្ត្រីឈ្មោះឆិប សារី អាយុ៤៥ឆ្នាំ មុខរបរធ្វើស្រែចំការរស់នៅភូមិ-ឃុំកើតហេតុខាងលើ និងត្រូវជាម្តាយរបស់ជនរងគ្រោះជាប្តីបានរៀបរាប់ឱ្យកោះសន្តិ ភាពដឹងថា មុនពេលកើតហេតុកូនប្រុសរបស់គាត់ឈ្មោះហាប់ ហុន បានលាងពាងនៅចំហៀងផ្ទះ ព្រោះដឹងថា មេឃជិតធ្លាក់ភ្លៀងហើយ បន្ទាប់មកប្រពន្ធឈ្មោះទ្រី ស្រីណា ត្រូវជាកូនប្រសាបានឡើងទៅលើផ្ទះដើម្បីយកអង្ករមកដាំបាយ ខណៈពេលដើរពីក្រោមផ្ទះទៅដល់កាំជណ្តើរ ស្រាប់តែភ្លៀងបានចាប់ផ្តើមធ្លាក់ខ្លាំងៗលាយលំនឹងផ្លេក បន្ទោរ និងមានរន្ទះបន្លឺសំឡេងគ្រាំងៗគួរឱ្យរន្ធត់ លុះក្រឡេកទៅមើលកូនរបស់គាត់ដេកដួលទាំងពីរនាក់ប្តី-ប្រពន្ធ នៅចម្ងាយពីគ្នាប្រមាណ៦ម៉ែត្រ ចំណែកកូនតូចៗទាំងពីរនាក់នៅលេងក្រោមផ្ទះពុំទទួលរងគ្រោះ ថ្នាក់អ្វីទេ ។
ស្រ្តីចំណាស់ជាម្តាយបានរៀបរាប់ទៀតថា បន្ទាប់ពីកើតហេតុការណ៍រួចមករូបគាត់បានទៅពិនិត្យមើលសពកូន ទាំងពីរនាក់ប្តីប្រពន្ធឃើញមានស្នាមជាំខ្លោចនៅលើដើមទ្រូង ចំណែកផ្ទះ ឃើញមានស្នាមប្រេះនៅសសរកណ្តាល និងមានស្នាមបុកឆ្នឹមផ្ទះរយះឈើ និងដំបូលផ្ទះធ្លុះធ្លាយក្បឿងទំហំ៧តឹក ៕
0 comments:
Post a Comment