ដោយ សុខ សេរី
2011-03-17
រដ្ឋាភិបាលកម្ពុជា ដែលកន្លងមកបានប្រកាសមិនព្រមសងប្រាក់បំណុលសហរដ្ឋអាមេរិក តែឥឡូវនេះបានប្ដូរជំហរ។ប្រតិភូក្រសួងការបរទេសសហរដ្ឋអាមេរិក ជួបប្រជុំជាមួយប្រមុខការទូកកម្ពុជា លោក ហោ ណាំហុង កាលពីថ្ងៃទី១៧ មីនា ២០១១ នៅទីស្នាក់ការក្រសួងការបរទេសកម្ពុជា
រដ្ឋាភិបាលកម្ពុជាបានយល់ព្រមសងប្រាក់បំណុលសហរដ្ឋអាមេរិកចំនួន ជាង ៣០០លានដុល្លារអាមេរិក គិតទាំងដើម ទាំងការប្រាក់ ដែលប្រទេសកម្ពុជាបានជំពាក់បំណុលនេះ កាលពីសម័យប្រទេសស្ថិតនៅក្រោមការដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ នៅទសវត្សឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ កន្លងទៅ ប៉ុន្តែការសង់បំណុលនោះ កម្ពុជាបានដាក់លក្ខខ័ណ្ឌថា សុំឲ្យបញ្ចុះការប្រាក់តិចបំផុត ពី៣% មក១%វិញ ក្នុង១ឆ្នាំ។ការយល់ព្រមនេះ បានធ្វើឡើងនៅក្នុងជំនួបបិទទ្វាជិត នៅឯក្រសួងការបរទេសកម្ពុជា រវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្ត្រី ជាមួយឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ជូស៊ឹប យន់ (Joseph Yun) ដែលកំពុងតែបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ក្រោយពីជំនួបជាង ១ម៉ោងនោះ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅឯក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ថាមានលក្ខខ័ណ្ឌមួយចំនួន ដែលកម្ពុជាបានយល់ព្រមសងប្រាក់បំណុលនោះ។
ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ជូស៊ឹប យន់ គ្រោងជួបជាមួយនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត ឈន់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១១ ដើម្បីពិភាក្សាពិស្ដារ។ លោក កុយ គួង បានមានប្រសាសន៍ថា ចំនួនទឹកប្រាក់ដែលកម្ពុជាបានជំពាក់នៅក្នុងសម័យ លន់ នល់ នោះ គឺមានចំនួនជាក់ស្ដែង ១៦២លានដុល្លារអាមេរិក ប៉ុន្តែបើគិតទាំងដើម ទាំងការប្រាក់ រហូតមកដល់ពេលនេះ គឺមានចំនួនជាង ៣០០លានដុល្លារអាមេរិក ក្នុងការប្រាក់ ៣% ក្នុង១ឆ្នាំ។
តំណាងរាស្ត្រគណបក្សសមរង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍អត្ថាធិប្បាយថា ជម្រើសរបស់កម្ពុជាក្នុងការសងប្រាក់បំណុលនេះ ជាការគិតគូរដល់ទំនាក់ទំនងយូរអង្វែងជាមួយសហរដ្ឋអាមេរិក។
ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ជូស៊ឹប យន់ ត្រូវបានដកស្រង់សំដីដោយលោក កុយ គួង បានមានប្រសាសន៍ថា លោកនឹងពាំនាំសំណើរបស់កម្ពុជាទៅពិភាក្សានៅពេលលោកវិលត្រឡប់ទៅ កាន់សហរដ្ឋអាមេរិកវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ កន្លងទៅ បានប្រកាសទទូចសុំឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក អូបាម៉ា (Obama) លុបចោលបំណុលនោះ ដោយសារលោកគិតថា ជាបំណុលកខ្វក់ ដែលរបបលន់នល់ខ្ចីមកធ្វើសង្គ្រាមនៅក្នុងទសវត្សឆ្នាំ១៩៧០។ លោក ហ៊ុន សែន បានសុំឲ្យសហរដ្ឋអាមេរិកបង្វិលបំណុលនោះ សម្រាប់ការអភិវឌ្ឍលើវិស័យកសិកម្មនៅកម្ពុជាវិញ។
ដំណើរទស្សនកិច្ចរបស់ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋ អាមេរិក លោក ជូស៊ឹប យន់ មកប្រទេសកម្ពុជានៅពេលនេះ គឺក្រោយពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហីលទ្បារី ក្លីនតុន (Hillary Clinton) បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លងទៅ ដោយបានសន្យាថានឹងបញ្ជូនបេសកជនពិសេសមកពិភាក្សាពិស្ដាររឿងបំណុល នេះ។
កាលពីពេលកន្លងមកនេះ នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានសភាប្រជាជនចិន លោក វូ បាងគូ (Wu Bang guo) នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លងទៅ ចិនបានសម្រេចលុបចោលបំណុលដែលកម្ពុជាជំពាក់ចិន ចំនួន ៤លាន ២សែន ដុល្លារអាមេរិក៕
0 comments:
Post a Comment