ដោយ អ៊ុក សាវបូរី
2011-03-16
វិទ្យុអាស៊ីសេរី
2011-03-16
វិទ្យុអាស៊ីសេរី
ប៉ុន្តែក្រសួងអប់រំមិនផ្ដល់សិទ្ធិឲ្យសមាគមគ្រូមួយនេះបានចូលរួមប្រជុំឡើយ។

ប្រធាន សមាគម គ្រូ បង្រៀន កម្ពុជា ឯករាជ្យ លោក រ៉ុង ឈុន (RFA/Ayuthyea)
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ថ្លែងថា ក្រសួងអប់រំយុវជន និងកីឡា មិនដែលអនុញ្ញាតឲ្យសមាគមគ្រូមួយនេះ ដែលជាតំណាងឲ្យលោកគ្រួ អ្នកគ្រូ ៩៤៥០នាក់ ឲ្យបានចូលរួមសន្និបាតថ្នាក់ជាតិ ដើម្បីលើកជាមតិយោបល់ និងសំណូមពរផ្សេងៗ ជាមួយក្រសួងអប់រំម្ដងណាឡើយ។
លោក រ៉ុង ឈុន បន្តថា នៅក្នុងសន្និបាតអប់រំថ្នាក់ជាតិ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ មីនា ឆ្នាំ២០១១ ខាងមុខ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យចង់ចូលរួមពិភាក្សាទៅលើលទ្ធផល ដែលក្រសួងសម្រេចបាន និងឧបសគ្គ និងការរំពឹងទុក សម្រាប់ការអភិវឌ្ឍវិស័យអប់រំពេលអនាគត ដើម្បីកែលម្អការអប់រំ និងកែលម្អស្ថានភាពរស់នៅរបស់គ្រូបង្រៀន។ ជាមួយគ្នានោះ សមាគមចង់បង្ហាញគំនិត និងទស្សនៈនៃសមាជិកគ្រូបង្រៀន បង្ហាញគន្លឹះនានាច្រើនទៀត ឲ្យក្រសួងទទួលយក ៖ “បើគ្រូបង្រៀននៅមានមុខរបរទី២ នៅពេលនោះ កូនខ្មែរយើងមិនអាចទទួលបានការអប់រំប្រកបដោយគុណភាពទេ“។
អ្នកគ្រូបង្រៀននៅសាលាបឋមសិក្សាក្នុងក្រុងភ្នំពេញបានបង្ហាញថា ក្រសួងមិនទាន់បានផ្ដល់សៀវភៅអានថ្មីដល់គ្រប់សាលា ដើម្បីឲ្យសិស្សបានខ្ចី ឬអាននៅក្នុងបណ្ណាល័យទេ។ អ្នកគ្រូបន្ថែមថា ការចេញវិញ្ញាសាប្រឡងឆមាសទី១ ឆ្នាំនេះ មិនមាននៅក្នុងមេរៀនដែលមន្ទីរ និងក្រសួងផ្ដល់មកឲ្យគ្រូបង្រៀនសិស្សឡើយ។ អ្នកគ្រូសុំឲ្យសន្និបាតនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ មីនានោះ គិតពីបញ្ហាវិញ្ញាសាប្រឡង គួរតែចេញពីក្នុងមេរៀន ទើបសិស្សមិនចម្លងគ្នា ៖ “អ៊ីចឹងធ្វើឲ្យសិស្សហ្នឹង វាយតម្លៃគ្រូ ថាគ្រូបង្រៀនមិនដែលត្រូវសោះ គ្រូបង្រៀនឯណេះ ទៅចេញឯណោះ អ៊ីចឹងវាធ្វើឲ្យបាត់បង់តម្លៃរបស់គ្រូបង្រៀនដែរ“។
អ្នកគ្រូ អ៊ុក ឆាយាវី បង្រៀននៅវិទ្យាល័យមួយ ក្នុងខេត្តកណ្ដាល មានប្រសាសន៍ថាគាត់ចង់ចូលរួមក្នុងសន្និបាតថ្នាក់ជាតិនៃក្រសួង អប់រំនោះ ដើម្បីបង្ហាញទៅគ្រប់គ្នា ពីផលវិបាកនៃការបង្រៀនដែលខ្វះឧបករណ៍បង្ហាញ សម្រាប់ងាយពន្យល់សិស្ស។
គ្រូបង្រៀនវិទ្យាល័យហ៊ុនសែនបរិបូរ លោក កែវ ថៃ មានប្រសាសន៍ថា ការអប់រំសិស្សធ្លាក់ចុះ ព្រោះគ្រូមិនសូវហ៊ានមានមតិយោបល់បន្ថែមលើឯកសារ ដែលក្រសួងដាក់ឲ្យបង្រៀន។ ម្យ៉ាងទៀតក្រសួងអប់រំ មិនទទួលយកការផ្ដល់យោបល់ពីសមាគមគ្រូ ដែលបានជួបបញ្ហាច្រើន ហើយបញ្ហាទាំងនោះ សុទ្ធតែជួយកែលម្អវិស័យអប់រំ ៖ “វិស័យអប់រំ បើសិនមិនកែលម្អទេ ធ្លាក់ដុនដាបហើយនៅថ្ងៃខាងមុខនេះ។ វាមានតែបរិមាណ តែគុណភាពពុំមានទេ។ អ៊ីចឹងហើយបានការផ្ដល់សិទ្ធិសេរីភាព ការលើកទឹកចិត្តឲ្យគ្រូបង្រៀននៅគ្រប់គ្រឹះស្ថានសិក្សា ចូលរួមផ្ដល់យោបល់ ផ្ដល់គំនិត ផ្ដល់មតិ ហើយត្រូវទទួលយកទៅពិចារណា ហើយបញ្ចូលក្នុងកម្មវិធីអប់រំ កម្មវិធីនៃការគ្រប់គ្រងវិស័យអប់រំទើបប្រសើរ“។
រដ្ឋលេខាធិការក្រសួងអប់រំច្រើនរូប ដែលវិទ្យុអាស៊ីសេរីបានទាក់ទងសុំយោបល់ឆ្លើយតបការលើកឡើងខាងលើ សុទ្ធតែជាប់រវល់ប្រជុំ ដែលមិនអាចផ្ដល់ព័ត៌មានបាននៅថ្ងៃពុធ ទី១៦ មិនា។
សន្និបាតជាតិក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២២ ដល់ថ្ងៃ២៤ មីនា និងធ្វើការពិភាក្សាលើការអប់រំសម្រាប់ទាំងអស់គ្នា ឆ្នាំ២០១៥។ ផែនការថ្នាក់ជាតិសម្រាប់ការកសាងសមត្ថភាពគ្រូបង្រៀន។ គោលនយោបាយលើការអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់ការអប់រំចំណេះទូទៅ ឆ្នាំ២០១០-២០១៤។ គោលនយោបាយលើសាលាកុមារមេត្រី។ គោលនយោបាយលើការអប់រំថ្នាក់មូលដ្ឋាន។ គោលនយោបាយលើការទទួលបានការអប់រំស្មើគ្នា។ គោលនយោបាយវិមជ្ឈការ និងប្រតិភូកម្មអំណាច ដូចជាការប្រើប្រាស់នូវផែនការប្រតិបត្តិប្រចាំឆ្នាំនៅកម្រិត ថ្នាក់ខេត្ត។
លោក រ៉ុង ឈុន បានមានប្រសាសន៍ថា ការណ៍ដែលក្រសួងអប់រំមិនទទួលយកអនុសាសន៍របស់សមាគមគ្រួបង្រៀន ដាក់ចូលក្នុងកិច្ចពិភាក្សាក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួង អប់រំនេះ សមាគមនឹងស្វែងរកម្ចាស់ជំនួយអន្តរជាតិ អង្គទូត និងសង្គមស៊ីវិលឲ្យដាក់សម្ពាធលើក្រសួងអប់រំ ឲ្យផ្ដល់សិទ្ធិឲ្យសមាគមគ្រូបង្រៀនឯករាជ្យ បានផ្ដល់មតិយោបល់ គោលនយោបាយក្នុងវិស័យអប់រំផងដែរ៕
0 comments:
Post a Comment