ដោយ ៖ អប្សរា
ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១
(រូបថត សម័យ)
ឪពុកក្មេកត្រូវចាប់ខ្លួន
ខេត្តបាត់ដំបង ៖ ក្នុងគ្រាដែលផឹកស៊ីស្រវឹងធ្លាក់ភ្នែក ឪពុកក្មេក និងកូនប្រសាប្រុសបានអួតអាងដាក់គ្នាខ្លាំងរៀងៗខ្លួនពីរឿង មាន «កណ្តាញ់» កាប់មិនមុត ដុតមិនឆេះរហូតឈានដល់ការប្រយុទ្ធគ្នាយកឈ្នះចាញ់ទៀតផង។ ប៉ុន្តែទីបំផុតឪពុកក្មេកត្រូវសមត្ថកិច្ចចាប់ខ្លួន រីឯកូនប្រសាប្រុសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យ ព្រោះរបួសធ្ងន់ ។ សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ថា អំពើហិង្សាដ៏កំរោលចូលរវាងឪពុកក្មេក និងកូនប្រសានេះបានកើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃ ទី១៩ មីនានៅខាងមុខផ្ទះរបស់ពួកគេស្ថិតនៅក្នុងភូមិបួសង្គ្រាជ ឃុំក្តុលតាហែន ស្រុកបវេល។
មន្ត្រីនគរបាលមូលដ្ឋានបានរាយការណ៍ថា បុរសជាឪពុកក្មេកដែលត្រូវចាប់ខ្លួនឈ្មោះសៀង សីហា អាយុ៤២ឆ្នាំ រីឯកូនប្រសាប្រុសដែលច្បាំងចាញ់ឪពុកក្មេកឈ្មោះតុំ ឡុញ អាយុ២៩ឆ្នាំ ។ សមត្ថកិច្ចនិយាយថា ឪពុកក្មេកបានប្រើកាំភ្លើងច្នៃបាញ់សត្វកណ្តុរវាយទៅលើកូន ប្រសា ខណៈពេលស្រវឹងធ្លាក់ភ្នែកដូចគ្នា ហើយអួតអាងពីរឿងមាន «កណ្តាញ់» ខ្លាំងពូកែរៀងៗខ្លួន។ ការផ្ទុះហិង្សានេះ បែបទំនងឪពុកក្មេកអួតមិនឈ្នះកូនប្រសា ពោលគឺកូនប្រសាមានប្រៀបជាង ។
បើតាមការបំភ្លឺពីឪពុកក្មេកដែលសមត្ថកិច្ច សាកសួរក្រោយពេលចាប់ខ្លួនបាននិយាយថា រឿងនេះកើតចេញពីការអួតអាងថា មាន «កណ្តាញ់» ខ្លាំងពូកែ កាប់មិនមុតដុតមិនឆេះ ។ បុរសនេះបន្តថា ការប្រកែកគ្នារវាងរូបគាត់ និងកូនប្រសាកាន់តែខ្លាំង ហើយលោកកូនប្រសាហាក់បីដូចជាមិនបន្ធូរសរសៃ.កបន្តិចសោះ ធ្វើឱ្យគាត់ក្តៅក្រហាយក៏ងើបទៅពន្លះគ្នាឱ្យដឹងដៃតែម្តង ទៅ។ ប៉ុន្តែបើតាមសាក្សីបានប្រាប់សមត្ថកិច្ចថា ពេលកំពុងដំឡើងសរសៃ.កដាក់គ្នា គេឮឪពុកក្មេកបានអួតអាងដែរថា ខ្លួនមានកណ្តាញ់ខ្លាំងពូកែ។ រីឯកូនប្រសាក៏អួតថា មានកណ្តាញ់ខ្លាំងពូកែដូចគ្នាដែរ។ ប៉ុន្តែការតឹងសរសៃ.កដាក់គ្នានេះទំនងបែបឪពុកក្មេងចាញ់ប្រៀបកូន ប្រសា ទើបស្ទុះទៅវាយកូនប្រសាតែម្តង ។
លោកឌី សារ៉េត អធិការរងស្រុកបវេស បានថ្លែងថា ពេលប្រយុទ្ធគ្នាឪពុកក្មេកជាអ្នកស្ទុះទៅវាយកូនប្រសាមុន តែដោយសារកូនប្រសាមាឌធំជាងក៏រុញឪពុកក្មេកដួលអុកគូទផ្ងារ ជើង ធ្វើឱ្យឪពុកក្មេកខឹងស្ទុះងើបទាញកាំភ្លើងច្នៃមកវាយកូន ប្រសាបណ្តាលឱ្យបាក់ដៃ និងបែកក្បាល។ បច្ចុប្បន្នលោកឪពុកក្មេកបានត្រូវសមត្ថកិច្ចចាប់ខ្លួន ឯលោកកូនប្រសាកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាល របួស ៕
0 comments:
Post a Comment