Thursday, March 17, 2011

ជប៉ុន មិនអាច​ជះទឹក​ចូល​ឡ​ប្រតិកម្ម​លេខ៣

 ក្រសួង​ការពារជាតិ​ជប៉ុន​ បាន​ឲ្យ​ដឹង​ថា កម្លាំង​ការពារ​ប្រទេស​នេះ​ មិន​អាច​អនុវត្តផែនការ​ជះទឹក​ទៅ​ក្នុង​ឡ​ប្រតិកម្ម​លេខ​៣ របស់​រោង​ចក្រ​ Fkushima ទី១ ពី​ឧទ្ធម្ភាចក្រ​​បាន​ឡើយ​ ដោយ​កម្រិត​វិទ្យុសកម្ម​ជុំវិញ​រោង​ចក្រ​ខ្ពស់​ពេក។ ស្ថាប័ន​សុវត្ថិភាព​ឧស្សាហកម្ម និង នុយ​ក្លេ​អ៊ែរ​ជប៉ុន (NISA) បាន​ឲ្យ​ដឹង​កាលពីថ្ងៃ​ទី​១៥ មិនា បរិមាណទឹក​ធ្វើ​ឲ្យ​ត្រជាក់​នៃឡ​ប្រតិកម្ម​លេខ៥ របស់​រោង​ចក្រ Fkushima ទី១ បាន​ថយចុះ ហើយ​ពេលនេះ បុគ្គលិក​កំពុង​បូម​ទឹក​បញ្ចូល​ ដើម្បី​ធ្វើ​ឲ្យ​ត្រជាក់។ ក្នុងពេលនេះដែរ ប្រ​ព័ន្ធ​ម៉ាស៊ីន​ព្យាករណ៍​កម្រិត​សាយភាយ​សារធាតុ​វិទ្យសកម្ម​មាន​ឈ្មោះ​ថា SPEEDI មានការ​រអាក់​រអួល​ មិនអាច​ធ្វើ​សកម្ម​ភាព​បាន។
 
 NISA បាន​ឲ្យ​ដឹង​ថា មិន​អាច​ដឹង​ពេលណា​​ទើប SPEEDI ដំណើរការ​ឡើង​វិញ​បានទេ។ អាស្រ័យ​ដោយ​បរិមាណ​វិទ្យុ​សកម្ម​នៅ​តំបន់​រោង​ចក្រ​មាន​និន្នាការថយចុះ ហេតុនេះ​កម្ម​ករ ដែល​បាន​ជម្លៀស​ចេញ​បណ្តោះ​អាសន្ន​មុននេះ បាន​វិល​មក​រោងចក្រ​ធ្វើការ​វិញ​នៅ​ថ្ងៃទី​១៦ មិនា។ ក្នុង​​ពេលនោះ​ដែរ សីតុណ្ហ​ភាព​នៅ​ឡ​ប្រតិ​កម្ម​លេខ​២ មាន​ស្ថេរភាព​ឡើង​វិញ ហើយ​សម្ពាធ​ក៏​បាន​ថយល​ចុះ។
 ក្នុង​ថ្ងៃនេះ​ដែរ ស្ថានរាជ​ទូត​ជប៉ុន​​នៅ Vienna (អូទ្រីស្ត) លោក Takeshi Nakane បន​ស្នើ​សុំ​ស្ថា​ប័ន​ថាម​ពល​បរមាណូ​អន្តរជាតិ​ (IAEA) ឆាប់​រហ័ស​ ក្នុង​ការ​បញ្ជូន​អ្នក​ជំនាញ​នុយ​ក្លេ​អ៊ែរ​ មក​ជប៉ុន​ ដើម្បី​ជួយ​ស្ថារ​សភាព​ការណ៍​នៅ​រោង​ចករ្​អគ្គិសនី​នុយ​ក្លេ​អ៊ែរ​ Fukushima ទី១។
 ក្នុង​បទ​សម្ភាស​​ជាមួយ​សារព័ត៌មាន​ Kyodo ឯកអគ្គរាជទូត​ Nakane បាន​ឲ្យ​ដឹង​ថា ក្រុង​តូក្យូ សង្ឃឹមថា បណ្តា​អ្គ​ការ​អន្ត​រជាតិ​ នឹង​ជួយ​ធ្វើការ​ផ្សព្វ​ផ្សាយ​ វាយ​តម្លៃ​មាន​ភាព​ត្រឹម​ត្រូវ អំពី​គ្រោះ​មហន្ត​រាយ​​នុយ​ក្លេអ៊ែរ​នៅ​ជប៉ុន​ ហើយ​ក៏​បង្ហាញ​បំណង​ចង់​ឲ្យ​​ក្រុម​អ្នក​ជំនាញ​របស់​ IAEA មក​កាន់​កន្លែង​កើត​ហេតុ​នុយ​ក្លេ​អ៊ែរ​ ឲ្យ​បាន​កាន់​តែ​ឆាប់​​ កាន់តែ​ល្អ។
 
 មុននេះ​ដែរ អគ្គ​នាយក​ IAEA លោក​ Yukiya Amano ក៏បាន​លើក​ឡើង​ថា​ នឹង​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ការ​ឲ្យ​បាន​ឆាប់​​ទៅកាន់​​ប្រទេស​ជប៉ុន ដើម្បី​វាយ​តម្លៃ​ឲ្យ​​បាន​ត្រឹម​ត្រូវ ពីគ្រោះ​មហន្ត​រាយ​​នុយ​ក្លេ​អ៊ែរ​នៅ​ជប៉ុន ហើយ​បច្ចុប្បន្ន​ វិស័យពីរ ដែល IAEA យក​ចិត្ត​ទុក​ដាក់ គឺ​ការ​ឆេះ​ឡ​ប្រតិកម្ម​​ និង គ្រោះជ្រៀប​ចេញ​វិទ្យុសកម្ម​ នៅ​រោង​ចក្រ​ Fukushima ទី១។ លោក Amano នៅ​បាន​ពោល​បន្ថែម​ថា សភាព​ការណ៍​ពេល​នេះ មាន​ភាព​ស្មុក​ស្មាញ​ ហើយ​ពិបាក​ក្នុង​ការ​ព្យាករណ៍​ តែ​ទោះ​​យ៉ាងណា ក៏​វា​មិន​ដូច​មហន្ត​រាយ​នៅ Chernobyl ឆ្នាំ ១៩៨៦ ដែរ។
 នៅថ្ងៃដដែលនេះ​ដែរ ក្រសួង​​ការពារជាតិ​ជប៉ុន​ បាន​ឲ្យដឹង​ថា ទាហាន​ ៦.៤០០នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​តំបន់ឦសាន្ត​នៃ​ប្រទេស​ជប៉ុន ដើម្បី​ជួយ​ស្តារ​ផលវិបាក​បន្សល់​ទុក​ដោយ​ការ​រញ្ជួយ​ដី និង រលក​យក្ស​។ កង​យោធា​បំរុង​នេះ នឹង​ចូល​ជួប​ជាមួយ​ពលទាហាន​ ៨០.០០០នាក់ ដែល​​បាន​នឹង​កំពុង​អនុវត្ត​កិច្ច​ការ​​សង្គ្រោះ​ខាង​លើ។
 
 ក្នុងពេល​នោះ​ដែរ រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ Michihiko Kano ប្រកាស​ថា រដ្ឋា​ភិបាល​ជប៉ុន ត្រៀម​ជា​ស្រេច​ក្នុង​ការ​បញ្ចេញ​អង្ករ ក្នុង​ស្តុក​ ដើម្បី​ផ្គត់​ផ្គង់​ដល់​តំបន់​ ខ្វះ​ស្បៀង​អាហារ។ លោក​ Kano បញ្ជាក់​ថា មូល​ហេតុ​ខ្វះ​ស្បៀង​សង្គ្រោះ​ គឺ​អាស្រ័យ​ដោយ​ការ​ដឹក​ជញ្ចូន​មាន​ឧបសគ្គ​ច្រើន ដោយ​ផ្លូវ​គមនាគម​ន៍​ ត្រូវ​កាត់​ផ្តាច់​ ដោយ​ការ​រញ្ជួយ​ដី។ លោក​ ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​​ស្មារតី​នឹងន មិន​ចាំបាច់​ស្តុក​ទំនិញ  លើស​ពី​កម្រិត​ចាំបាច់​ទេ។
 ធានគារ​ជប៉ុន (BOJ) កាលពី​ថ្ងៃទី១៦ មិនា ម្សិលមិញ បាន​សន្យា​បញ្ចេញ​បន្ថែម ១៣,៨ពាន់ពាន់​​លាន​យ៉េន (ប្រមាណ​ ១៧០ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក) នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ តម្លើង​ថវិការ​សរុប​ក្នុង​មូលនិធិ​ជំនួយ​បន្ទាន់​ ដល់​ទៅ​ ៥៥,៦ពាន់​លាន​យ៉េន (៦៨៨,៤ពាន់​លាន​ដុល្លារ​​សហ​រដ្ឋ​អាមេរិក) សំដៅ​ការពារ​ប្រព័ន្ធ​ធនាគារ​ចំពោះ​មុខ​ ឥទ្ធិពល​ធ្ងន់ធ្ងរ​ក្រោយ​ការ​រញ្ជូយដី។
 
 បរិមាណ​ទឹក​ប្រាក់​បំពេញ​បន្ថែម​​ខាង​លើ​នោះ​ដែរ​ មាន​ ៥០០០ពាន់​លាន​យ៉េន ត្រូវ​បាន​បញ្ចេញ​ភ្លាម ដើម្បី​ជួយ​សម្រាប់​បណ្តាអង្គការ​ហិរញ្ញវត្ថុ​ ក្នុង​គោល​បំណង​ធានា​បណ្តា​ខ្ទង់​ឲ្យ​ខ្ចី​រយៈ​ពេល​ខ្លី ហើយ​ ៨.៨០០​​​ពាន់​លាន​​យ៉េនទៀត នឹង​ត្រូវ​បញ្ចេញ​នៅ​ថ្ងៃទី១៧ មិនា និង ទី១៨ មិនា៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys