Wednesday, March 16, 2011

គ្មាន​ឥទ្ធិពល​នុយក្លេអ៊ែរ​ជប៉ុន​មក​ដល់​កម្ពុជា​នោះ​ទេ

ដោយ លាង ដឺលុច
ថ្ងៃ ពុធ 16 មីនា 2011
RFI
ក្រោយពីការផ្ទុះម៉ាស៊ីនប្រតិកម្មនៅក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរជប៉ុនក្នុងតំបន់ដែលទទួលរងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីនោះមក នៅកម្ពុជាមានសារអេឡិចត្រូនិកត្រូវបានគេផ្ញើតៗគ្នាថាអោយប្រយ័ត្ន ព្រោះសារជាតិវិទ្យុសកម្មដែលផ្ទុះចេញពីម៉ាស៊ីនប្រតិកម្មទាំងនោះ នឹងអាចជះឥទ្ធិពលធ្វើអោយខូចស្បែក តាមរយៈការប៉ះទឹកភ្លៀង ប្រសិនបើមានភ្លៀង។ ក្រសួងធនធានទឹកបានធ្វើសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ ច្រានចោលព័ត៌មានចចាមអារ៉ាមនេះ ដោយពន្យល់ថា របបខ្យល់ដែលកម្ពុជាទទួលសព្វថ្ងៃនេះ មិនមានពាក់ព័ន្ធនឹងរបបខ្យល់ពីក្នុងប្រទេសជប៉ុននោះឡើយ។
អាជ្ញាធរ​ជប៉ុន​ពិនិត្យ​សារធាតុ​វិទ្យុសកម្ម​លើ​អ្នក​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា (©Reuters)
អាជ្ញាធរ ជប៉ុន ពិនិត្យ សារធាតុ វិទ្យុសកម្ម លើ អ្នក នៅ ហ្វ៊ូគូស្ហ៊ីម៉ា (©Reuters)
ក្រោយពីការផ្ទុះម៉ាស៊ីនប្រតិកម្មនៅក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរជប៉ុនក្នុងតំបន់ដែលទទួលរងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីនោះ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជាបានធ្វើសេចក្តីជូនដំណឹងមួយដែលបញ្ជាក់ថា កម្ពុជាកំពុងទទួលឥទ្ធិពលនៃរបបខ្យល់ត្រូពិក។ នេះគឺជាសារមួយដែលចង់ពន្យល់ថា ឥទ្ធិពលនៃការផ្ទុះម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរនៅក្នុងប្រទេសជប៉ុននោះ នឹងមិនរសាត់មកដល់ប្រទេសកម្ពុជានោះឡើយ។ សេចក្តីជូនដំណឹងនេះគឺជាការឆ្លើយបដិសេធទៅនឹងពាក្យចចាមអារ៉ាមដែលប្រជាជនកម្ពុជាមួយចំនួនកំពុងផ្សព្វផ្សាយតៗគ្នាតាមរយៈសារអេឡិចត្រូនិក ឬអ៊ីមែល។
សារដែលត្រូវបានគេផ្សាយគ្នានោះសរសេរថា នៅក្នុងប្រទេសជប៉ុនមានផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែរ។ ប្រសិនបើមានភ្លៀង សូមកុំចេញទៅក្រៅ ប៉ះទឹកភ្លៀង ពីព្រោះទឹកភ្លៀងនោះមានជាតិអាស៊ីត ដែលអាចធ្វើអោយរលាកស្បែក និងជ្រុះសក់។
នេះជាពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន។ លោកចាន់ យុត្ថា នាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយមបានពន្យល់ថា សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកចង់ប្រាប់សាធារណជនកម្ពុជាថា របបខ្យល់ដែលកម្ពុជាទទួលនៅពេលនេះ មិនមានអ្វីពាក់ព័ន្ធនឹងរបបខ្យល់ពីប្រទេសជប៉ុននោះទេ។ ដូច្នេះគ្មានឥទ្ធិពលនៃសារជាតិនុយក្លេអ៊ែរមកដល់កម្ពុជានោះឡើយ។
លោក កាម៉ាដា យ៉ាស៊ុហ៊ិកុលេខាទីមួយនៃស្ថានទូតជប៉ុនប្រចាំកម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងមិនត្រឹមត្រូវដូចពាក្យចចាមអារ៉ាមខាងលើ ហើយថាការផ្សព្វផ្សាយបែបនេះនឹងអាចធ្វើអោយមានការភាន់ច្រឡំ និងចលាចលក្នុងចំណោមប្រជាជនកម្ពុជា៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys