ដោយ សុខ សេរី
2011-03-16
វិទ្យុអាស៊ីសេរី
2011-03-16
វិទ្យុអាស៊ីសេរី

តំណាង រាស្រ្ដ គណបក្ស សម រង្ស៊ី លោក សុន ឆ័យ (RFA/Den Ayuthyea)
តំណាងរាស្ត្រគណបក្សសមរង្ស៊ី លោក សុន ឆ័យ បានស្នើសុំជាផ្លូវការឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក វង សូត្រ ចូលឆ្លើយបំភ្លឺ នៅក្នុងសភាជាតិឲ្យបានឆាប់ តាមតែអាចធ្វើទៅបាន ចំពោះការស្នើសុំឲ្យមានការកែលម្អស្ថានភាពនៃការនាំពលករកម្ពុជា ទៅធ្វើការងារនៅបរទេស។
ការស្នើនេះ បានធ្វើឡើងតាមរយៈលិខិតចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១១ ជូនលោក ហ៊ុន សែន តាមរយៈប្រធានសភាជាតិ លោក ហេង សំរិន។
តំណាងរាស្ត្រគណបក្សសមរង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ ខែមីនា ថាចាំបាច់ត្រូវតែមានការកែសម្រួល និងចាត់វិធានការណ៍ប្រឆាំងក្រុមហ៊ុនមួយចំនួន ដែលរត់ពន្ធមនុស្ស តាមរយៈនាំចេញពលករទៅក្រៅប្រទេសកម្ពុជា ៖ “ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ គឺអត់បានបំពេញតួនាទីត្រឹមត្រូវទេ នៅក្នុងការចាត់វិធានការណ៍លើក្រុមហ៊ុន ដែលយកមនុស្សទៅធ្វើការងារនៅក្រៅប្រទេសនេះ ទាំងការចេញអាជ្ញាប័ណ្ណឲ្យ ទាំងការចាត់វិធានការណ៍នៅពេលមានរឿងរំលោភលើសិទ្ធិរបស់កម្មករទាំង នេះ។ ដូច្នេះយើងចាំបាច់ត្រូវតែឲ្យនាយករដ្ឋមន្ត្រីជួយចាត់ចែងផង“។
លក្ខខ័ណ្ឌមួយចំនួន តម្រូវឲ្យមានការកែសម្រួលនោះ មានដូចតទៅ៖ ទី១ ការប្រើប្រាស់លុយ និងកិច្ចសន្យាដោយខុសច្បាប់របស់ក្រុមហ៊ុន ទី២ ទីតាំងហ្វឹកហ្វឺនកម្មកររបស់ក្រុមហ៊ុន T&P មានលក្ខណៈដូចជាមន្ទីរឃុំឃាំង ទី៣ មានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុន T&P បានទទួលយកក្មេងក្រោមអាយុ ១៨ឆ្នាំ ទី៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានភាពធូររលុងក្នុងការផ្ដល់អាជ្ញាប័ណ្ណនាំមនុស្សចេញទៅធ្វើការ ងារនៅបរទេស ទី៥ សុំឲ្យរដ្ឋាភិបាលកម្ពុជាហាមប្រាមការដកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនពីកម្មករ និងទី៦ សុំឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចូលឆ្លើយបំភ្លឺនៅក្នុងសភាជាតិ។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់ សហគមន៍ លោក មឿន តុលា ដែលបានតាមដានសំណុំរឿងរបស់ក្រុមហ៊ុន T&P កន្លងមក បានមានប្រសាសន៍ថា លោកគាំទ្រសំណើនេះ ៖ “ចាប់ផ្ដើមមាន ការសង្ស័យនៅពេលដែលមានរឿងធំ២ កើតឡើង ហើយក្រុមហ៊ុនមិនបានអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ក៏ដូចជាអ្នកអង្កេតការណ៍ខាងសង្គមស៊ីវិលហ្នឹងបានចូលទៅជួប និងពិនិត្យសាកសពទេ។ ជាពិសេសថ្ងៃកើតហេតុនោះតែម្ដង“។
លោក សុន ឆ័យ បានឲ្យដឹងថា លោក កំពុងតែរង់ចាំចម្លើយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលច្បាប់បានចែងថា សំណើរបស់តំណាងរាស្ត្រទៅរដ្ឋាភិបាល គប្បីមានការឆ្លើយតបវិញក្នុងរយៈពេល ១សប្ដាហ៍។
លោក សុន ឆ័យ បានសរសេរលិខិតទៅស្ថានទូតប្រទេសម៉ាឡេស៊ី និងស្ថានទូតប្រទេសសិង្ហបុរី នៅក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីសុំឲ្យចូលរួមតាមដានសំណុំរឿងនេះ ដោយសារតែលោកសង្ស័យថា មានក្រុមហ៊ុនមួយចំនួន រាប់ទាំងក្រុមហ៊ុន T&P រត់ពន្ធមនុស្សទៅក្រៅប្រទេសកម្ពុជា។
តំណាងក្រុមហ៊ុន T&P កន្លងមកបានបដិសេធការចោទប្រកាន់នេះ។ ការស្នើដោយលោក ស៊ុន ឆ័យ នោះ គឺក្រោយពីដែលមានផ្ទុះរឿងអាស្រូវធំមួយ នៅក្នុងក្រុមហ៊ុននាំចេញពលករទៅប្រទេសម៉ាឡេស៊ីឈ្មោះ T&P ដោយសារតែមានស្ត្រីឈ្មោះ ហេង ហាក់ បានលោតចេញពីអាគារក្រុមហ៊ុន T&P កម្ពស់ ៣ជាន់ កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ បណ្ដាលឲ្យបាក់ជើងទាំង២ និងមានស្ត្រីម្នាក់ទៀតឈ្មោះ ស៊ឹង ស៊ីណា បានដេកស្លាប់នៅក្នុងក្រុមហ៊ុននេះ កាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១១ ដោយសារគាំងបេះដូង៕
0 comments:
Post a Comment