ដោយ ៖ អប្សរា
ថ្ងៃ អាទិត្យ ទី ២០ ខែ មិនា ឆ្នាំ ២០១១
(រូបថត សំអូន)
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទៅប្រកួតវគ្គជម្រុះតាមពូលក្របខណ្ឌឆាលេនខាប់
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅចូលរួមប្រកួត វគ្គជម្រុះតាមពូលក្របខណ្ឌឆាលេនខាប់នៅប្រទេសម៉ាល់ឌីវ កាលពីថ្ងៃសៅរ៍ ទី១៩ មីនា កន្លងមកនេះ។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឆ្លងកាត់ការប្រកួតវគ្គ ជម្រុះតាមតំបន់ ដែលជួបក្រុមបាល់ទាត់ជម្រើសជាតិចិនម៉ាកាវកាលពីពេលថ្មីៗកន្លង មកនេះប្រកួតក្នុងទឹកដីឈ្នះម៉ាកាវ ៣-១ និងប្រកួតក្រៅទឹកដីចាញ់ក្រុមម៉ាកាវ៣-២ វិញ។ សរុបពិន្ទុការប្រកួតទាំង២ជើងនេះក្រុមកម្ពុជាបានឈ្នះក្រុមម៉ា កាវ៥-៤។ ដូច្នេះក្រុមបាល់ទាត់កម្ពុជាមានឱកាសបានទៅប្រកួតជម្រុះតាមពូលជា បន្តទៀតដែលកម្ពុជាស្ថិតនៅពូលC មានកម្ពុជា ម៉ាល់ឌីវ តាហ្ស៊ីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺក្រុមជម្រើសជាតិកម្ពុជាបានបាត់បង់កីឡាករល្អ៣រូបមានដូច ជាខ្សែប្រយុទ្ធឃឹម បូរី, កែវ សុខងន និងស្រីវាសនា ដែលខ្សែប្រយុទ្ធសំខាន់ទាំង៣រូបនេះបានទៅលេងឱ្យក្រុមបាល់ទាត់ ធំៗរបស់ថៃអស់ទៅហើយ។
លោកវ៉ាន់ លី ប្រធានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រាប់ថា ការប្រកួតជើងទី១ក្រុមកម្ពុជា ជួបក្រុមម៉ាល់ឌីវ ដែលជាម្ចាស់ផ្ទះ ហើយក៏ជាគូប្រកួតដែលធ្លាប់ប៉ះគ្នា២លើករួចមកហើយដែរកាលពី ប៉ុន្មានឆ្នាំមុន ដែលកាលណោះកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ឆាលេន ខាប់ដូចគ្នាដោយក្រុមកម្ពុជាមានឱកាសរកបាន១-១ស្មើ។ ពេលប្រកួតនៅម៉ាល់ឌីវ ក្រុមកម្ពុជាចាញ់ ៦-០ ធ្វើឱ្យត្រូវជ្រុះចេញពីការប្រកួតតាមពូលទាល់តែបាន។ ការជួបក្រុមម៉ាល់ឌីវ យប់ថ្ងៃទី២១ មីនា លើកនេះ លោក Tae Hoonlee គ្រូបង្វឹកជនជាតិកូរ៉េប្រាប់ថា មានជំនឿចិត្តឈ្នះច្រើនជាងចាញ់ ។ ប៉ុន្តែការមកប៉ះក្រុមតាហ្ស៊ីគីស្ថានដែលជាម្ចាស់ជើងឯកឆាលេន ខាប់ឆ្នាំ២០០៦ ទំនងជាលំបាកបន្តិចហើយ ព្រោះថា ក្រុមអតីតជើងឯកមួយនេះគេមានមាឌធំជាង ហើយខ្ពស់ជាងទៀត។
ក្រុមបាល់ទាត់ជំរើសជាតិកម្ពុជាជួបក្រុមតា ហ្ស៊ីគីស្ថានថ្ងៃទី២៣ មីនា ហើយនៅថ្ងៃទី២៥ ខែមីនា ក្រុមកម្ពុជាជួបក្រុមកៀហ្ស៊ីស៊ីស្ថាន។ ក្រុម២នេះធ្លាប់ជួបគ្នាម្តងនៅក្នុងក្របខណ្ឌ NEHRU CUP ប្រទេសឥណ្ឌា ហើយកាលណោះក្រុមកម្ពុជាធ្លាប់ចាញ់ ៣-០ ម្តងមកហើយ។ ទោះជាយ៉ាងណា លោក Lee Hoon lee បានបង្ហាញនូវជំនឿចិត្តលើក្រុមជំរើសជាតិកម្ពុជាយ៉ាងខ្លាំង ព្រោះលោកបានកត់សំគាល់លើការខិតខំប្រឹងប្រែងហ្វឹកហាត់មួយរយៈ មកនេះបានល្អ ហើយមានការព្យាយាម។ គួរបញ្ជាក់ថា ចាប់តាំងពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA រៀបចំធ្វើតារាងចំណាត់ថ្នាក់តាំងពីឆ្នាំ១៩៩៥មក ក្នុងចំណោម២០៨ ក្រុមនៅលើពិភពលោក កម្ពុជាស្ថិតនៅលេខរៀងទី១៥៤ ហើយស្ថិតនៅលេខរៀងទី២៨ក្របខណ្ឌអាស៊ី ៕
0 comments:
Post a Comment