ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

(រូបថត រស្មី)
នាងជួន ចាន់រតនា ហៅអយ ឬក្អយ ដែលជាតារាកំប្លែងល្បីឈ្មោះបោះសំឡេងតាមកញ្ចក់ទូរទស្សន៍ និងកម្មវិធីផ្សេងៗ
រាជធានីភ្នំពេញ ៖ នាងជួន ចាន់រតនា ហៅអយ ឬក្អយ ដែលជាតារាកំប្លែងល្បីឈ្មោះបោះសំឡេងតាមកញ្ចក់ទូរទស្សន៍ និងកម្មវិធីផ្សេងៗ កាលពីថ្ងៃទី២១ មីនា បានត្រូវសមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំខ្លួនពាក់ព័ន្ធនឹងបណ្តឹងខ្ចី រថយន្តគេច្រើនគ្រឿងបែរជាយកទៅបញ្ចាំ ។
ទាក់ទិននឹងការនាំខ្លួននាងអយនេះ ត្រូវបាន មន្ត្រីនគរបាលក្រសួងមហាផ្ទៃឱ្យដឹងថា នាងក្អយត្រូវបានឈ្មោះទី សុធីតា ប្តឹងចោទប្រកាន់ពីបទឆបោកយករថយន្តរបស់គេ២គ្រឿងបើ គិតជាទឹកប្រាក់មានតម្លៃជាង៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ ដើមចម ក្នុងបណ្តឹងនេះគឺឈ្មោះទី សុធីតា មានរថយន្ត២គ្រឿង ១គ្រឿង ប្រភេទទួរីស១២កៅអី និង១គ្រឿងទៀតឡិចស៊ីស RX 300 ត្រូវនាងអយជួល យកទៅដឹកសំភារសំអាងការតាមកម្មវិធីនានាក្នុងរាជធានីភ្នំពេញ ។ ពេលជួល រថយន្ត ដើមបណ្តឹង និងនាងអយបានធ្វើកិច្ចសន្យាជួលត្រឹមត្រូវ មិនខ្វះចន្លោះពីផ្លូវច្បាប់នោះឡើយ តែក្រោយពេលជួលរថយន្តនោះហើយ បានតែប៉ុន្មានថ្ងៃ នាងអយក៏យករថយន្តរបស់ដើមបណ្តឹងទៅបញ្ចាំ យកប្រាក់ ។
ក្រោយពីទទួលដំណឹងថា នាងអយយករថយន្តទៅ ដាក់បញ្ចាំខុសពីកិច្ចសន្យាជួលយកទៅធ្វើអាជីវកម្មនោះ ដើមបណ្តឹង បានណាត់ជួបនាង ជាច្រើនលើកសុំយករថយន្តមកវិញ ប៉ុន្តែនាងអយចេះ តែគេចវេះ ។ បន្ទាប់មកទើបដើមបណ្តឹងបង្ខំចិត្តដាក់ពាក្យ បណ្តឹងទៅកាន់សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌ កំរិត ធ្ងន់ក្រសួងមហាផ្ទៃ ហើយនៅថ្ងៃទី២១ មីនា ដើមបណ្តឹងបានសហការជាមួយ សមត្ថកិច្ចនាំខ្លួននាងអយទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យនាងយករថ យន្តមកប្រគល់ឱ្យវិញ ។ ប៉ុន្តែជាលទ្ធផល គឺនាងអយមានតែគ្រឿងសំអាង ប៉ុណ្ណោះដាក់តម្កល់ចំពោះសមត្ថកិច្ច ។ ចំពោះបណ្តឹងមួយករណីនេះគឺ គូភាគីទាំង២កំពុងធ្វើការសម្រុះសម្រួលគ្នា ព្រោះ ពេលនេះនាងអយ បានប្រាប់សមត្ថកិច្ចថា នាងមានដីមួយកន្លែងនៅខេត្តកំពង់ស្ពឺ តែ ដីនោះមានតម្លៃត្រឹម៣.០០០ដុល្លារប៉ុណ្ណោះ និងមានសំភារសំអាងការ មួយចំនួនទៀត តែអាសយដ្ឋានគ្មានទេ គឺជាផ្ទះជួល ។ ដូច្នេះ ប្រការ នេះហើយបានជាដើមបណ្តឹងបង្ខំចិត្តទាមទារឱ្យសមត្ថកិច្ចចាត់ការ តាមផ្លូវច្បាប់ ព្រោះទឹកប្រាក់ប្រមាណជាង៣ម៉ឺនដុល្លារលើតម្លៃ រថយន្តរកសងមិនបានឡើយ ។
ប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញបានឱ្យ ដឹងថា នាងជួន ចាន់រតនា ហៅអយ ត្រូវគេប្តឹងច្រើនដែលសុទ្ធតែរឿង ជួលរថយន្ត គេជិះបែរជាយកទៅបញ្ចាំដូចខាងលើ ។ មានដើមបណ្តឹងពី ឈ្មោះឈុំ សុគន្ធណារិទ្ធ និងឈ្មោះឈ ប៊ុនឆាយ អស់រថយន្ត៥គ្រឿង ដែល សំណុំរឿងស្ថិតលើព្រះរាជអាជ្ញារង២រូប កំពុងស៊ើបអង្កេតបឋម ។
ប្រភពព័ត៌មានពីសាលាដំបូងដដែលបានឱ្យដឹងទៀតថា នាងអយមិនមែនមានត្រឹមតែរឿង ប៉ុណ្ណឹងទេ គឺនៅជំពាក់ប្រាក់គេ វ័ណ្ឌកច្រើនទៀត ដូច្នេះទំនងមិនអាចគេចផុតពីការចោទប្រកាន់ តាមផ្លូវច្បាប់នោះឡើយ ពោលគឺអាចឃុំខ្លួនបណ្តោះអាសន្នក៏ថាបាន ។ រហូតមកដល់ល្ងាចថ្ងៃទី២២ មីនា នាងអយស្ថិតនៅក្នុងការឃាត់ខ្លួន របស់សមត្ថកិច្ចក្រសួងមហាផ្ទៃនៅឡើយ ។ ...ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ.
0 comments:
Post a Comment