ក្រុមមន្រ្តីអង្គការសង្គមស៊ីវិលបាននិយាយនៅព្រឹកថ្ងៃចន្ទនេះ ថា ពួកគេចង់ឃើញមានការនាំខ្លួនម្ចាស់ក្រុមហ៊ុននាំពលករទៅបំរើ ការងារនៅក្រៅប្រទេសឈ្មោះ T&P ដែលពោរពេញដោយរឿងអាស្រូវ យកមកកាត់ទោសតាមច្បាប់របស់ប្រទេសកម្ពុជា។
ក្រុមហ៊ុននាំពលករទៅធ្វើការនៅក្រៅប្រទេស T&P ដែលពោរពេញ ដោយ រឿង ចម្រូង ចម្រាស់
ក្រុមហ៊ុន T&P ដែលទទួលសិទ្ធិពីរដ្ឋាភិបាលក្នុងការនាំពលករកម្ពុជាទៅធ្វើការនៅ ប្រទេសម៉ាឡេស៊ី ត្រូវបានរកឃើញសំណុំរឿងជាច្រើនទាក់ទងទៅនឹងការបង្ខាំងពលករដោយ ខុសច្បាប់។ រឿងរ៉ាវមួយក្នុងសំណុំរឿងទាំងនោះត្រូវបានរកឃើញដោយក្រុមអ្នក តំណាងរាស្រ្តបក្សប្រឆាំង ខណៈដែលពលករម្នាក់ពីខេត្តកំពង់ចាមបានប្រាប់ថា គាត់ត្រូវបានក្រុមហ៊ុននេះបង្ខាំងទុកឲ្យនៅក្នុងបរិវេណស្នាក់ការ របស់គេដែលព័ទ្ធដោយរបងស៊ីម៉ង់ត៌ និងបន្លាលួសរឹងមាំនៅក្នុងខណ្ឌសែនសុខ ជាយក្រុងភ្នំពេញមិនឲ្យចេញក្រៅ នៅពេលដែលគាត់ចង់ទៅជួបកូនស្រីរបស់គាត់នៅស្រុកកំណើតឯខេត្ត កំពង់ចាមនោះ។ វាក៏ត្រូវបានរាយការណ៏ផងដែរថា កន្លងមកមានពលករលោតចុះពីលើអគារនៃទីស្នាក់ការនេះបណ្តាលឲ្យបាក់ ជើង និងការស្លាប់ដែលត្រូវបានគេចោទថា បណ្តាលមកពីការបង្ខាំងពលករទាំងនោះ។
ក្រុមអ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ីដែលបានចុះទៅធ្វើការ អង្កេតដល់ទីកន្លែងកើតហេតុកាលពីសប្តាហ៏កន្លងទៅ បានធ្វើការទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការក្រុមហ៊ុននេះទៅតាម ច្បាប់របស់ប្រទេសកម្ពុជា ដែលគេបានធ្វើការបង្ខាំងមនុស្សដោយខុសច្បាប់។ ភ្លាមៗក្រុមមន្រ្តីប៉ូលិសរបស់អាជ្ញាធរក្រុងភ្នំពេញ ទទួលបន្ទុកខាងការជួញដូរមនុស្សបានបើកការស៊ើបអង្កេត និងដាក់ពាក្យប្តឹងក្រុមហ៊ុននេះទៅកាន់តុលាការ ហើយកាលពីថ្ងៃសុក្រចុងសប្តាហ៏កន្លងទៅ ក៏មានការជម្រុញបន្ថែមដោយនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន ផងដែរឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ ឱម យ៉ិនទៀង ធ្វើការស៊ើបអង្កេតរាល់ក្រុមហ៊ុនដែលនាំពលករកម្ពុជាទៅធ្វើការនៅ ក្រៅប្រទេស។
បើទោះជាដូច្នេះក្តី លោក មឿន តុលា ប្រធានផ្នែកសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៏ ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេសកម្ពុជានោះ បានធ្វើការទាមទារឲ្យនាំខ្លួនម្ចាស់ក្រុមហ៊ុន T&P មកទទួលខុសត្រូវចំពោះមុខច្បាប់។ ជាអ្វីដែលអ្នកតំណាងអង្គការក្រៅរដ្ឋាភិបាលរូបនេះបានលើកឡើងថា ក្រុមហ៊ុននេះបានប្រព្រឹត្តិនូវកំហុសជាច្រើន ដូចជាករណីបង្ខាំងមនុស្ស ការជ្រើសរើសពលករមិនគ្រប់អាយុការងារ និងបន្លំឯកសារ និងការតម្លើងអាយុពលករជាដើម។
គួរបញ្ជាក់ថា ក្រុមហ៊ុន T&P ត្រូវបានក្រសួងការងារបញ្ឈប់ឲ្យធ្វើសកម្មភាពកាលពីចុងសប្តាហ៏ កន្លងទៅ បន្ទាប់ពីមានការបន្លឺសម្លេងឲ្យស៊ើបអង្កេតក្រុមហ៊ុននាំពលករចេញ ពីកម្ពុជាដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប៉ុន្តែបើទោះជាដូច្នេះក្តី នៅព្រឹកមិញនេះ មានសេចក្តីរាយការណ៏ឲ្យដឹងថា ក្រុមហ៊ុន T&P ពុំទាន់ត្រូវបានដកហូតអាជ្ញាប័ណ្ណជ្រើសរើសពលករទៅក្រៅប្រទេស របស់ខ្លួននៅឡើយទេ៕
0 comments:
Post a Comment