Tuesday, March 22, 2011

តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​​តំណាង​អ្នក​ឃុំ​ជីក្រែង​៩​នាក់

2011-03-22

តុលាការ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែ​មីនា បាន​សម្រេច​លុប​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​​តំណាង​អ្នក​ឃុំ​ជីក្រែង ៩​នាក់ ដែល​តវ៉ា​រឿង​ទំនាស់​ដី​ស្រែ​ប្រាំង​នៅ​ទំនប់​៧៨​សួង ពី​បទ​ប្លន់​ស្រូវ​​នោះ​ហើយ បន្ទាប់​ពី​អ្នក​ទាំង​នោះ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ដាក់​ក្នុង​ ពន្ធនាគារ​ចំនួន ២៤​ខែ​កន្លង​មក​នោះ។

RFA/Hang Savyouth

តំណាង​អ្នក​តវ៉ា​ទំនាស់​ដីស្រែ​ប្រាំង​នៅ​ឃុំ ​ជីក្រែង​ទាំង ៩​នាក់ ត្រូវ​អនុរក្ស​ពន្ធនាគារ​ខេត្ត​សៀមរាប បណ្ដើរ​ឡើង​ឡាន​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ បន្ទាប់​ពី​តុលាការ​បញ្ចប់​សវនាការ​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១១។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ អង្គ​សវនាការ​បាន​ដេញដោល​សួរ​​រយៈពេល​ប្រមាណ​ជា ៣​ម៉ោង ដែល​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ការ​ជម្រះ​ទៅ​លើ​ករណី​ចុង​ក្រោយ​របស់​តំណាង​អ្នក​ឃុំ​ជីក្រែង​ ទាំង ៩​នាក់ ដែល​បាន​ជាប់​ឃុំ​ក្នុង​រឿង​ទំនាស់​ដី​ស្រែ​ប្រាំង​ជាង ៩០​ហិកតារ ក្នុង​ចំណោម​បទ​ចោទ​ប្រកាន់​ទាំង​អស់​ចំនួន ៨​ករណី​ផ្សេង​គ្នា។

លោក សុខ កែវបណ្ឌិត ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប និង​ជា​តំណាង​អយ្យការ​ក្នុង​អង្គ​សវនាការ​បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​ បញ្ចប់​សវនាការ​ថា ចៅក្រម​នៃ​អង្គ​សវនាការ​​បាន​​សម្រេច​ជា​ឯកច្ឆន្ទ​ឲ្យ​​តំណាង​អ្នក​ឃុំ​ ជីក្រែង​ទាំង ៩​នាក់​នោះ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ទៅ​នឹង​បទ​ប្លន់​ស្រូវ​នោះ​ហើយ។

លោក ហម ស៊ុនរិទ្ធិ មេធាវី​ការពារ​ក្ដី​ឲ្យ​តំណាង​អ្នក​ឃុំ​​​ជីក្រែង​ទាំង ៩​រូប​នោះ បាន​មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​តុលាការ​បាន​សម្រេច​លុប​ចោល​ការ​ចោទ​ប្រកាន់​ករណី​ចុង​ក្រោយ​ ទៅ​លើ​កូន​ក្ដី​របស់​លោក ក៏​ប៉ុន្តែ​ចំពោះ​ការ​សម្រេច​ដោះលែង​កូន​ក្ដី​របស់​លោក​ចេញ​ពី​ពន្ធនាគារ​ ឲ្យ​មាន​សេរីភាព​វិញ​ពេល​ណា​នោះ លោក​ពុំ​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​លោក​គ្រាន់តែ​រំពឹង​ថា ការ​ដោះលែង​តំណាង​អ្នក​ឃុំ​ជីក្រែង​ទាំង​នោះ​អាច​នឹង​ធ្វើ​ឡើង​​នៅ​ពេល​ ឆាប់ៗ​នេះ។

លោក ហម ស៊ុនរិទ្ធិ បន្ត​ថា ៖ «ចំពោះ ឆេង សាវឿន មាន​រឿង​ផ្សេង​ទៀត។ អ៊ីចឹង​អ្នក ៨​នាក់​ហ្នឹង​ខ្ញុំ​រំពឹង​ថា មិន​យូរ​ទេ យ៉ាង​ច្រើន​ណាស់​ចុង​ខែ​៤ អាច​រួច​ខ្លួន។ ខ្ញុំ​ក៏​សំណូមពរ​ទៅ​ខាង​សមត្ថកិច្ច ក៏​ដូច​ជា​ភាគី​ទាំង​សង​ខាង​គួរ​បញ្ចប់​បញ្ហា​វិវាទ​ដីធ្លី​នៅ​ប៉ុណ្ណឹង​ទៅ ហើយ​ក្នុង​រឿង​ព្រហ្មទណ្ឌ​ទាំង​ឡាយ​ក៏​គួរ​បញ្ចប់​ទៅ...»

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​តាមដាន​ករណី​នោះ បាន​ឲ្យ​ដឹង​ថា តំណាង​អ្នក​ឃុំ​ជីក្រែង​ចំនួន ៩​រូប ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ទោស​ចំនួន ២៥​ខែ ក្នុង​ការ​ចោទ​ប្រកាន់​ករណី​មុនៗ​ជា​ច្រើន ហើយ​រហូត​មក​ដល់​ពេល​នេះ ការ​អនុវត្ត​ទោស​បាន​ចំនួន ២៤​ខែ​ហើយ​នៅ​ក្នុង​ពន្ធនាគារ។

តំណាង​អ្នក​តវ៉ា​ទំនាស់​ដី​ស្រែ​ជាង ៩០​ហិកតារ​នៅ​ឃុំ​ជីក្រែង​ទាំង ៩​រូប ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០០៩ បន្ទាប់​ពី​មាន​ទំនាស់​ដី​ស្រែ​ប្រាំង ៩២​ហិកតារ​​​នៅ​តំបន់​ទំនប់​៧៨​សួង យ៉ាង​ស្រួចស្រាល់​ជាមួយ​អ្នក​ឃុំ​អន្លង់សំណរ ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​ដោយ​ប្រើ​អាវុធ​បាញ់​រះ​បណ្ដាល​ឲ្យ​រង ​របួស​ប្រជាពលរដ្ឋ​ឃុំ​ជីក្រែង​​ចំនួន ៤​នាក់​ផង​នោះ៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys