Friday, March 18, 2011

កម្ពុជា​ទទូច​អាមេរិក​ឲ្យ​លុប​បំណុល​ក្នុង​សម័យ​សាធារណ​រដ្ឋ​លន់ នល់

Friday, 18 March 2011 14:09
វង្ស សុខេង

ជំនួប ​រវាង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​មន្ត្រី​អាមេរិក នៅ​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិល​មិញ​​។ រូបថត​ សុវណ្ណ ភីឡុង
ភ្នំពេញៈ ក្រុម​អ្នក​ជំនាញ​បញ្ជូន​


ភ្នំពេញៈ ក្រុម​អ្នក​ជំនាញ​បញ្ជូន​មក​ប្រទេស​កម្ពុជា​ ដោយ​លោក​ស្រី  ​ហ៊ីឡារី ​គ្លីន​តុន​ ដែល​ដឹក​នាំ​ដោយ​លោក ចូសេហ្វ យុន ឧបការី​រង ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក ​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ បាន​ចូល​ជួប​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស ហោ ណាំហុង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ​ដើម្បី​ពិភាក្សា​ អំពី​ការ​វិវត្តនៃ​សំណើ​សុំ​លុប​ចោល​បំណុល​ដែល​កម្ពុជា​ ជំពាក់​អាមេរិក​ ក្នុង​សម័យ​លោក​សេនា​ប្រមុខ លន់ នល់។
លោក កុយ គួង មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ ក្រោយ​ជំនួប​នោះ​ថា លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង បាន​ស្នើ​ដល់​ភាគី​អាមេរិក ​ឲ្យ​បន្ថយ​អត្រា​ការ​ប្រាក់​ពី​បី​ភាគ​រយ​ មក​នៅ​ត្រឹម​មួយ​ភាគ​រយ​វិញ​ ក្នុង​មួយ​ឆ្នាំ ហើយ​បំណុល ៧០ ភាគ​រយ ​គួរ​បង្វែរ​ទៅ​ជា​ជំនួយ​សម្រាប់​គម្រោង​អភិវឌ្ឍន៍ ខណៈ​បំណុល​នៅ​សល់ ៣០ ភាគ​រយ​ នឹង​ត្រូវ​ធ្វើ​ការ​សង​រំលស់។ មន្ត្រី​អ្នក​នាំ​ពាក្យ​រូប​នេះ ​បាន​បន្ត​ថា លោក​ចូសេហ្វ​ គ្រោង​នឹង​ចូល​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ដើម្បី​បញ្ជាក់​លម្អិត​ អំពី​បញ្ហា​បំណុល​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា៖​«ឆន្ទៈ​នយោបាយ​របស់​យើង​ គឺ​តម្រូវ​ឲ្យ​មាន​ការ​លុប​បំណុល​ចោល ហើយ​ឥឡូវ​នេះ យើង​ត្រូវ​តែ​ត្រួស​ត្រាយ​ផ្លូវ​ ទៅ​កាន់​ចំណុច ដែល​អាច​ធ្វើ​ការ​ចរចា និង​សម្រេច​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា​បាន ហើយ​នៅ​ពេល​យើង​លើក​ឡើង​ អំពី​ចំណុច​ដែល​សហរដ្ឋ​អាមេរិក ​មិន​ឯកភាព យើង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ទេ ដូច្នេះ​យើង​ត្រូវ​តែ​បង្កើត​ផ្លូវ​ទៅ​កាន់​ចំណុច​មួយ ​ដែល​នឹង​មាន​ការ​ឯកភាព​ ពី​គ្រប់​ភាគី ហើយ​ដំណើរ​ការ​កំពុង​វិវត្ត​ឆ្ពោះ​កាន់​តែ​កៀក ​[ទៅ​រក​ការ​ព្រម​ព្រៀង​គ្នា]»។
នៅ​ក្នុង​ប្រសាសន៍​ធ្វើ​ឡើង​ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ទៅ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​អាមេរិក​ ឲ្យ​អនុគ្រោះ​ដល់​អ្វី​ដែល​លោក​បាន​ហៅ​ថា ​ជា​ «បំណុល​កខ្វក់»​ ដែល​ខ្ចី​ដោយ​រដ្ឋា​ភិបាល​យោធា​របស់​លោក​សេនា​ប្រមុខ លន់ នល់ ដែល​បាន​ឡើង​កាន់​អំណា​ច ​ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ ១៩៧០ និង​មូលនិធិ​ សម្រាប់​ប្រតិបត្តិ​ការ​ ទម្លាក់​គ្រាប់​បែក​ ដែល​គាំ​ទ្រ​ដោយ​អាមេរិក។
រដ្ឋា​ភិបាល​លោក លន់ នល់ ត្រូវ​បាន​ផ្តួល​រំលំ​ កាល​ពី​ថ្ងៃ ១៧ មេ​សា ឆ្នាំ ១៩៧៥ ដោយ​របប​ខ្មែរ​ក្រហម ដែល​ក្នុង​អំឡុង​ពេល​មិន​ដល់​បួន​ឆ្នាំ​ នៃ​ការ​​ឡើង​កាន់​អំណា​ច​របស់​របប​អាវ​ខ្មៅ​នេះ ប្រជា​ជន​ប្រមា​ណ ១,៧ លាន​នាក់​ ត្រូវ​បាន​សម្លាប់​។
បំណុល​កម្ពុជា​ជំពាក់​អា​មេរិក​បច្ចុប្បន្ន ​មាន ៤៤៥ លាន​ដុល្លារ ​រួម​នឹង​ការ​ប្រាក់ ប៉ុន្តែ​លោក កុយ គួង បាន​ថ្លែង​ថា បំណុល​ដែល​ត្រូវ​បាន​ពិភាក្សា​គ្នា​ កាល​ពី​ឆ្នាំ ២០០៥ មាន​ត្រឹម​តែ ១៦២ លាន​ដុល្លារ ហើយ​រួម​ជាមួយ​ការ​ប្រាក់​ កើន​ឡើង​ដល់​ជាង ៣០០ លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​។
លោក​ចូសេហ្វ​ ពុំ​បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​កាសែត​ទេ​ ក្រោយ​ជំនួប​ជាមួយ​លោក ហោ ណាំហុង ប៉ុន្តែ​មន្ត្រី​អ្នក​នាំ​ពាក្យ​បាន​ថ្លែង​ថា ក្រុម​អ្នក​ជំនាញ ​ដែល​ត្រូវ​បាន​បញ្ជូន​មក​នេះ​ បាន​សន្យាពាំ​នាំ​នូវ​សំណើ​របស់​ភាគី​កម្ពុជា​ ជូន​ដល់​រដ្ឋ​ការ​អាមេរិក។
លោក កុយ គួង បាន​ថ្លែង​ថា៖​ «លោក​ចូសេហ្វ​ បាន​យល់​ព្រម​ថា ការ​បន្ត​ចរចា​គ្នា​ រវាង​កម្ពុជា និង​អាមេរិក​ នឹង​ខិត​ទៅ​រក​ការ​ព្រម​ព្រៀង​គ្នា​មួយ»៕ CR

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys