ពលរដ្ឋកម្ពុជាចូលរួមរំលែកទុក្ខជនរងគ្រោះជប៉ុន
ដោយ សុខ សេរី
2011-03-22
នៅថ្ងៃអង្គារ ទី២២ ខែមីនានេះ មន្ត្រីរាជការ និងតំណាងសហជីពកម្មករ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាជាច្រើន បានមកចូលរួមមរណទុក្ខចំពោះពលរដ្ឋជប៉ុន ដែលបានបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដី ជាបន្តបន្ទាប់នៅឯស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា។
ប្រជាពលរដ្ឋកម្ពុជា មន្ត្រីសភាជាតិ មន្ត្រីព្រឹទ្ធសភា និងតំណាងសហព័ន្ធសហជីពខ្មែរ ព្រមទាំងមន្ត្រីរដ្ឋាភិបាលកម្ពុជា សរុបជាង ១០០នាក់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១១ បានប្រមូលផ្ដុំគ្នានៅឯស្ថានទូតជប៉ុន នៅក្នុងប្រទេសកម្ពុជា ដើម្បីដាក់កម្រងផ្កា និងសម្ដែងមរណទុក្ខក្រៀមក្រំដល់ប្រជាពលរដ្ឋជប៉ុន ដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមិ (Tsunami) កាលពីថ្ងៃទី១១ ខែមីនា កន្លងទៅនេះ។
នៅក្នុងពិធីនោះ គេមានរៀបចំពិធីបង្សុកូល ដោយមានព្រះសង្ឃជាច្រើនអង្គ និងមានដាក់កម្រងផ្កាជាច្រើន និងមានសរសេរលើសៀវភៅកំណត់ហេតុ ដើម្បីពណ៌នាអំពីការចែករំលែកទុក្ខដល់អ្នកស្លាប់នៅក្នុងគ្រោះ មហន្តរាយនោះ។ អ្នកចូលរួមមានប្រជាពលរដ្ឋកម្ពុជាមួយចំនួនមកពីខេត្តឆ្ងាយៗ ដូចជាខេត្តស្ទឹងត្រែង និងខេត្តរតនគិរីជាដើម មានទឹកមុខស្រងូតស្រងាត់។
ប្រធានសហព័ន្ធសហជីពខ្មែរ លោក ជួន មុំថុល ដែលបានដឹកនាំតំណាងសហជីពចំនួនជាង ២០០ នៅតាមរោងចក្រកាត់ដេរនៅកម្ពុជា មកចូលរួម បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែមីនា ថា ជនជាតិជប៉ុនមួយចំនួនដែលបានស្លាប់នោះ ជាអ្នករួមអាជីពជាមួយសហជីពផងដែរ។
លោកបន្តថា ៖ «ប្រទេសកម្ពុជា នៅពេលដែលរងគ្រោះមហន្តរាយដោយធម្មជាតិនោះ ក៏បានទទួលការជួយឧបត្ថម្ភពីប្រទេសជប៉ុនដែរ។ អ៊ីចឹងយើងខ្ញុំយល់ថា ជប៉ុនតែងតែមានទំនាក់ទំនងល្អនឹងគ្នា ហើយជួយគ្នាទៅវិញទៅមកនៅពេលដែលមានអាសន្ន ហើយម្យ៉ាងវិញទៀត នៅទីនោះក៏មានសមាជិកសហជីពជប៉ុន ក៏មានការរងគ្រោះដែរ»។
លោកបាននាំយកប្រាក់ចំនួន ៤៩ម៉ឺនរៀលស្មើនឹងជាង ១២០ដុល្លារអាមេរិកមកចូលរួមបច្ច័យដល់តំណាងស្ថានទូតប្រទេសជប៉ុន នៅកម្ពុជា នៅក្នុងពិធីនោះ។
ដូចគ្នានេះដែរ ប្រធានស្ដីទីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា លោកស្រី ជាស៊ុន ដាណែត ដែលបានដឹកនាំតំណាងចំនួន ៥នាក់មកចូលរួម បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជា សម្ដែងការរំលែកទុក្ខ និងផ្ដល់កម្លាំងចិត្តនៅពេលដែលប្រជាពលរដ្ឋជប៉ុន កំពុងតែជួបវិបត្តិ ឬគ្រោះអាសន្ន។
លោកស្រីមានប្រសាសន៍បន្ថែមដូច្នេះ ៖ «គឺជាទឹកចិត្តរបស់យើង ជាមួយនឹងជប៉ុន។ យើងដឹងហើយថា យើងមានទំនាក់ទំនងល្អជាមួយគ្នា។ ប្រទេសជប៉ុន គឺជាប្រទេសដែលប្រជាពលរដ្ឋមានសីលធម៌ល្អ ហើយយើងមានការសហការគ្នាល្អណាស់រវាងប្រទេសទាំង២ហ្នឹង»។
លោកស្រីបាននាំមកជាមួយនូវថវិកាចំនួន ៥០០ដុល្លារអាមេរិក ដើម្បីចូលបច្ច័យជូនតំណាងស្ថានទូតប្រទេសជប៉ុន នៅកម្ពុជា។
អនុប្រធានបេសកកម្មនៃស្ថានទូតប្រទេសជប៉ុន នៅកម្ពុជា លោក ហ៊ីរ៉ូស៊ី កាវ៉ាមូរ៉ា (Hiroshi Kawamura) ដែលធ្វើបដិសណ្ឋារកិច្ច និងចាត់ចែងនៅក្នុងពិធីនោះ បានមានប្រសាសន៍ទៅកាន់អ្នកមកចូលរួមមរណទុក្ខទាំងនោះថា ៖ "សូម ថ្លែងអំណរគុណដែលលោកអ្នកបាននាំមកនូវជំនួយនានាជូនប្រជាពលរដ្ឋ ជប៉ុន រងគ្រោះដោយសាររលកយក្សស៊ូណាមិ។ យើងចាត់ចែងបញ្ជូនជំនួយ និងថវិកាទាំងនេះជូនកាកបាទក្រហមប្រទេសជប៉ុន ដែលកំពុងតែធ្វើសកម្មភាពជួយសង្គ្រោះអ្នករងគ្រោះ"។
សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យធឺរ (Reuters) ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១១ ពីទីក្រុងតូក្យូ ប្រទេសជប៉ុន បានឲ្យដឹងថា តួលេខប្រជាពលរដ្ឋជប៉ុន ដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ និងការរញ្ជួយផែនដីនោះ មានចំនួនប្រហែល ៩.០០០នាក់។
ប្រទេសជប៉ុន ត្រូវបានមន្ត្រីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ជាប្រទេសផ្ដល់ជំនួយធំជាងគេសម្រាប់ការអភិវឌ្ឍនៅកម្ពុជា៕
0 comments:
Post a Comment