Thursday, March 17, 2011

ខ្មែរ​ព្រម​សង​បំណុល​អាមេរិក តែ​សុំ​បញ្ចុះ​ការ​ប្រាក់


ដោយ សុខ សេរី
2011-03-17
រដ្ឋាភិបាល​កម្ពុជា ដែល​កន្លង​មក​បាន​ប្រកាស​មិន​ព្រម​សង​ប្រាក់​បំណុល​សហ​រដ្ឋ​អាមេរិក តែ​ឥឡូវ​នេះ​បាន​ប្ដូរ​ជំហរ។
RFA/Sok Serey
ប្រតិភូ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ជួប​ប្រជុំ​ជា​មួយ​ប្រមុខ​ការ​ទូក​កម្ពុជា លោក ហោ ណាំហុង កាល​ពី​ថ្ងៃ​ទី​១៧ មីនា ២០១១ នៅ​ទីស្នាក់ការ​ក្រសួង​ការ​បរទេស​កម្ពុជា
រដ្ឋាភិបាល​កម្ពុជា​បាន​យល់​ព្រម​សង​ប្រាក់​បំណុល​សហ​រដ្ឋ​អាមេរិក​ចំនួន ​ជាង ៣០០​លាន​ដុល្លារ​អាមេរិក គិត​ទាំង​ដើម ទាំង​ការ​ប្រាក់ ដែល​ប្រទេស​កម្ពុជា​បាន​ជំពាក់​បំណុល​នេះ កាល​ពី​សម័យ​ប្រទេស​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​សេនា​ប្រមុខ លន់ នល់ នៅ​ទសវត្ស​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ កន្លង​ទៅ ប៉ុន្តែ​ការ​សង់​បំណុល​នោះ កម្ពុជា​បាន​ដាក់​លក្ខខ័ណ្ឌ​ថា សុំ​ឲ្យ​បញ្ចុះ​ការ​ប្រាក់​តិច​បំផុត ពី​៣% មក​១%​វិញ ក្នុង​១​ឆ្នាំ។
ការ​យល់​ព្រម​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​បិទ​ទ្វា​ជិត នៅ​ឯ​ក្រសួង​ការ​បរទេស​កម្ពុជា រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំ​ហុង ជា​ឧប​នាយក​រដ្ឋ​មន្ត្រី ជា​មួយ​ឧបការី​រង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក លោក ជូស៊ឹប យន់ (Joseph Yun) ដែល​កំពុង​តែ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា។
មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ក្រោយ​ពី​ជំនួប​ជាង ១​ម៉ោង​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ថា​មាន​លក្ខខ័ណ្ឌ​មួយ​ចំនួន ដែល​កម្ពុជា​បាន​យល់​ព្រម​សង​ប្រាក់​បំណុល​នោះ។
ឧបការី​រង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក លោក ជូស៊ឹប យន់ គ្រោង​ជួប​ជា​មួយ​និង​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈន់ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១១ ដើម្បី​ពិភាក្សា​ពិស្ដារ។ លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា ចំនួន​ទឹក​ប្រាក់​ដែល​កម្ពុជា​បាន​ជំពាក់​នៅ​ក្នុង​សម័យ លន់ នល់ នោះ គឺ​មាន​ចំនួន​ជាក់​ស្ដែង ១៦២​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​បើ​គិត​ទាំង​ដើម ទាំង​ការ​ប្រាក់ រហូត​មក​ដល់​ពេល​នេះ គឺ​មាន​ចំនួន​ជាង ៣០០​លាន​ដុល្លារ​អាមេរិក ក្នុង​ការ​ប្រាក់ ៣% ក្នុង​១​ឆ្នាំ។
តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ជម្រើស​របស់​កម្ពុជា​ក្នុង​ការ​សង​ប្រាក់​បំណុល​នេះ ជា​ការ​គិត​គូរ​ដល់​ទំនាក់​ទំនង​យូរ​អង្វែង​ជា​មួយ​សហ​រដ្ឋ​អាមេរិក។
ឧបការី​រង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក លោក ជូស៊ឹប យន់ ត្រូវ​បាន​ដក​ស្រង់​សំដី​ដោយ​លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ពាំ​នាំ​សំណើ​របស់​កម្ពុជា​ទៅ​ពិភាក្សា​នៅ​ពេល​លោក​វិល​ត្រឡប់​ទៅ​ កាន់​សហ​រដ្ឋ​អាមេរិក​វិញ។
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១០ កន្លង​ទៅ បាន​ប្រកាស​ទទូច​សុំ​ឲ្យ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក លោក អូបាម៉ា (Obama) លុប​ចោល​បំណុល​នោះ ដោយ​សារ​លោក​គិត​ថា ជា​បំណុល​កខ្វក់ ដែល​របប​លន់​នល់​ខ្ចី​មក​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០។ លោក ហ៊ុន សែន បាន​សុំ​ឲ្យ​សហ​រដ្ឋ​អាមេរិក​បង្វិល​បំណុល​នោះ សម្រាប់​ការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​វិញ។
ដំណើរ​ទស្សនកិច្ច​របស់​ឧបការី​រង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ ​អាមេរិក លោក ជូស៊ឹប យន់ មក​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ គឺ​ក្រោយ​ពេល​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក លោក​ស្រី ហីល​ទ្បារី ក្លីន​តុន (Hillary Clinton) បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ដល់​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១០ កន្លង​ទៅ ដោយ​បាន​សន្យា​ថា​នឹង​បញ្ជូន​បេសកជន​ពិសេស​មក​ពិភាក្សា​ពិស្ដារ​រឿង​បំណុល​ នេះ។
កាល​ពី​ពេល​កន្លង​មក​នេះ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​ប្រជា​ជន​ចិន លោក វូ បាង​គូ (Wu Bang guo) នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០ កន្លង​ទៅ ចិន​បាន​សម្រេច​លុប​ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន ចំនួន ៤​លាន ២​សែន ដុល្លារ​អាមេរិក៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys