Wednesday, March 16, 2011

ប៉ុន្តែ​ក្រសួង​អប់រំ​មិន​ផ្ដល់​សិទ្ធិ​ឲ្យ​សមាគម​គ្រូ​មួយ​នេះ​បាន​ចូល​រួម​ប្រជុំ​ឡើយ។

ដោយ អ៊ុក សាវបូរី
2011-03-16
​វិទ្យុ​អាស៊ីសេរី
ប៉ុន្តែ​ក្រសួង​អប់រំ​មិន​ផ្ដល់​សិទ្ធិ​ឲ្យ​សមាគម​គ្រូ​មួយ​នេះ​បាន​ចូល​រួម​ប្រជុំ​ឡើយ។
  ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន (RFA/Ayuthyea)
ប្រធាន សមាគម គ្រូ បង្រៀន កម្ពុជា ឯករាជ្យ លោក រ៉ុង ឈុន (RFA/Ayuthyea)
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ថ្លែង​ថា ក្រសួង​អប់រំ​យុវជន និង​កីឡា មិន​ដែល​អនុញ្ញាត​ឲ្យ​សមាគម​គ្រូ​មួយ​នេះ ដែល​ជា​តំណាង​ឲ្យ​លោក​គ្រួ អ្នក​គ្រូ ៩៤៥០​នាក់ ឲ្យ​បាន​ចូល​រួម​សន្និបាត​ថ្នាក់​ជាតិ ដើម្បី​លើក​ជា​មតិ​យោបល់ និង​សំណូមពរ​ផ្សេងៗ ជា​មួយ​ក្រសួង​អប់រំ​ម្ដង​ណា​ឡើយ។
លោក រ៉ុង ឈុន បន្ត​ថា នៅ​ក្នុង​សន្និបាត​អប់រំ​ថ្នាក់​ជាតិ ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០១១ ខាង​មុខ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ចង់​ចូល​រួម​ពិភាក្សា​ទៅ​លើ​លទ្ធផល ដែល​ក្រសួង​សម្រេច​បាន និង​ឧបសគ្គ និង​ការ​រំពឹង​ទុក សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ពេល​អនាគត ដើម្បី​កែ​លម្អ​ការ​អប់រំ និង​កែ​លម្អ​ស្ថានភាព​រស់​នៅ​របស់​គ្រូ​បង្រៀន។ ជា​មួយ​គ្នា​នោះ សមាគម​ចង់​បង្ហាញ​គំនិត និង​ទស្សនៈ​នៃ​សមាជិក​គ្រូ​បង្រៀន បង្ហាញ​គន្លឹះ​នានា​ច្រើន​ទៀត ឲ្យ​ក្រសួង​ទទួល​យក ៖ “បើ​គ្រូ​បង្រៀន​នៅ​មាន​មុខ​របរ​ទី​២ នៅ​ពេល​នោះ កូន​ខ្មែរ​យើង​មិន​អាច​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ទេ“។
អ្នក​គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ក្នុង​ក្រុង​ភ្នំពេញ​បាន​បង្ហាញ​ថា ​ក្រសួង​មិន​ទាន់​បាន​ផ្ដល់​សៀវភៅ​អាន​ថ្មី​ដល់​គ្រប់​សាលា ដើម្បី​ឲ្យ​សិស្ស​បាន​ខ្ចី ឬ​អាន​នៅ​ក្នុង​បណ្ណាល័យ​ទេ។ អ្នក​គ្រូ​បន្ថែម​ថា ការ​ចេញ​វិញ្ញាសា​ប្រឡង​ឆ​មាស​ទី​១ ឆ្នាំ​នេះ មិន​មាន​នៅ​ក្នុង​មេរៀន​ដែល​មន្ទីរ និង​ក្រសួង​ផ្ដល់​មក​ឲ្យ​គ្រូ​បង្រៀន​សិស្ស​ឡើយ។ អ្នក​គ្រូ​សុំ​ឲ្យ​សន្និបាត​នៅ​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ មីនា​នោះ គិត​ពី​បញ្ហា​វិញ្ញាសា​ប្រឡង គួរ​តែ​ចេញ​ពី​ក្នុង​មេរៀន ទើប​សិស្ស​មិន​ចម្លង​គ្នា ៖ “អ៊ីចឹង​ធ្វើ​ឲ្យ​សិស្ស​ហ្នឹង វាយ​តម្លៃ​គ្រូ ថា​គ្រូ​បង្រៀន​មិន​ដែល​ត្រូវ​សោះ គ្រូ​បង្រៀន​ឯ​ណេះ ទៅ​ចេញ​ឯ​ណោះ អ៊ីចឹង​វា​ធ្វើ​ឲ្យ​បាត់​បង់​តម្លៃ​របស់​គ្រូ​បង្រៀន​ដែរ“។
អ្នក​គ្រូ អ៊ុក ឆាយាវី បង្រៀន​នៅ​វិទ្យាល័យ​មួយ ក្នុង​ខេត្ត​កណ្ដាល មាន​ប្រសាសន៍​ថា​គាត់​ចង់​ចូល​រួម​ក្នុង​សន្និបាត​ថ្នាក់​ជាតិ​នៃ​ក្រសួង​ អប់រំ​នោះ ដើម្បី​បង្ហាញ​ទៅ​គ្រប់​គ្នា ពី​ផល​វិបាក​នៃ​ការ​បង្រៀន​ដែល​ខ្វះ​ឧបករណ៍​បង្ហាញ សម្រាប់​ងាយ​ពន្យល់​សិស្ស។
គ្រូ​បង្រៀន​វិទ្យាល័យ​ហ៊ុន​សែន​បរិបូរ លោក កែវ ថៃ មាន​ប្រសាសន៍​ថា ការ​អប់រំ​សិស្ស​ធ្លាក់​ចុះ ព្រោះ​គ្រូ​មិន​សូវ​ហ៊ាន​មាន​មតិ​យោបល់​បន្ថែម​លើ​ឯកសារ ដែល​ក្រសួង​ដាក់​ឲ្យ​បង្រៀន។ ម្យ៉ាង​ទៀត​ក្រសួង​អប់រំ មិន​ទទួល​យក​ការ​ផ្ដល់​យោបល់​ពី​សមាគម​គ្រូ ដែល​បាន​ជួប​បញ្ហា​ច្រើន ហើយ​បញ្ហា​ទាំង​នោះ សុទ្ធ​តែ​ជួយ​កែ​លម្អ​វិស័យ​អប់រំ ៖ “វិស័យ​អប់រំ បើ​សិន​មិន​កែ​លម្អ​ទេ ធ្លាក់​ដុន​ដាប​ហើយ​នៅ​ថ្ងៃ​ខាង​មុខ​នេះ។ វា​មាន​តែ​បរិមាណ តែ​គុណភាព​ពុំ​មាន​ទេ។ អ៊ីចឹង​ហើយ​បាន​ការ​ផ្ដល់​សិទ្ធិ​សេរីភាព ការ​លើក​ទឹក​ចិត្ត​ឲ្យ​គ្រូ​បង្រៀន​នៅ​គ្រប់​គ្រឹះស្ថាន​សិក្សា ចូល​រួម​ផ្ដល់​យោបល់ ផ្ដល់​គំនិត ផ្ដល់​មតិ ហើយ​ត្រូវ​ទទួល​យក​ទៅ​ពិចារណា ហើយ​បញ្ចូល​ក្នុង​កម្មវិធី​អប់រំ កម្មវិធី​នៃ​ការ​គ្រប់គ្រង​វិស័យ​អប់រំ​ទើប​ប្រសើរ“។
រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​ច្រើន​រូប ដែល​វិទ្យុ​អាស៊ី​សេរី​បាន​ទាក់​ទង​សុំ​យោបល់​ឆ្លើយ​តប​ការ​លើក​ឡើង​ខាង​លើ សុទ្ធ​តែ​ជាប់​រវល់​ប្រជុំ ដែល​មិន​អាច​ផ្ដល់​ព័ត៌មាន​បាន​នៅ​ថ្ងៃ​ពុធ ទី​១៦ មិនា។
សន្និបាត​ជាតិ​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​២៤ មីនា និង​ធ្វើ​ការ​ពិភាក្សា​លើ​ការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា ឆ្នាំ​២០១៥។ ផែនការ​ថ្នាក់​ជាតិ​សម្រាប់​ការ​កសាង​សមត្ថភាព​គ្រូ​បង្រៀន។ គោល​នយោបាយ​លើ​ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា​សម្រាប់​ការ​អប់រំ​ចំណេះ​ទូទៅ ឆ្នាំ​២០១០-២០១៤។ គោល​នយោបាយ​លើ​សាលា​កុមារ​មេត្រី។ គោល​នយោបាយ​លើ​ការ​អប់រំ​ថ្នាក់​មូលដ្ឋាន។ គោល​នយោបាយ​លើ​ការ​ទទួល​បាន​ការ​អប់រំ​ស្មើ​គ្នា។ គោល​នយោបាយ​វិមជ្ឈការ និង​ប្រតិភូកម្ម​អំណាច ដូច​ជា​ការ​ប្រើប្រាស់​នូវ​ផែនការ​ប្រតិបត្តិ​ប្រចាំ​ឆ្នាំ​នៅ​កម្រិត​ ថ្នាក់​ខេត្ត។
លោក រ៉ុង ឈុន បាន​មាន​ប្រសាសន៍​ថា ការណ៍​ដែល​ក្រសួង​អប់រំ​មិន​ទទួល​យក​អនុសាសន៍​របស់​សមាគម​គ្រួ​បង្រៀន ដាក់​ចូល​ក្នុង​កិច្ច​ពិភាក្សា​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ អប់រំ​នេះ សមាគម​នឹង​ស្វែង​រក​ម្ចាស់​ជំនួយ​អន្តរ​ជាតិ អង្គទូត និង​សង្គម​ស៊ីវិល​ឲ្យ​ដាក់​សម្ពាធ​លើ​ក្រសួង​អប់រំ ឲ្យ​ផ្ដល់​សិទ្ធិ​ឲ្យ​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ បាន​ផ្ដល់​មតិ​យោបល់ គោល​នយោបាយ​ក្នុង​វិស័យ​អប់រំ​ផង​ដែរ៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys