ដោយ ៖ អប្សរា
ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១
ខេត្តកំពង់ធំ ៖ រូបចម្លាក់លោកគីរីស្វារៈធ្វើអំពីថ្មភក់សម័យអង្គរដែលមានការខូចខាតតែ បន្តិចបន្តួច ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងពេលជីកកាយយកអាចម៍ដីនៅក្នុងតំបន់អ្នក តាស្វាយ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក និងបានប្រគល់ឱ្យសមត្ថកិច្ចភ្លាមៗផងដែរ។ ទាក់ទិននឹងការប្រទះឃើញរូបសំណាកបុរាណខាងលើនេះ ប្រជាពលរដ្ឋឈ្មោះកាយ មុំ ភេទស្រី និងឈ្មោះថោ ច្រឹប ភេទស្រី រស់នៅក្នុងភូមិថ្នល់ ឃុំទួលគ្រើល បានរៀបរាប់ថា នៅវេលាម៉ោងជាង៨ព្រឹកថ្ងៃទី១២ មីនា ខណៈពួកគាត់រួមជាមួយអ្នកភូមិឯទៀត នាំគ្នាកាប់ដីលើកផ្លូវទៅកាន់សាលារៀនក្នុងភូមិ ស្រាប់តែកាប់ត្រូវថ្មនៅក្នុងដីដែលមានជំរៅប្រមាណជា២០ទៅ៣០សង្ទីម៉ែត្រ។ ដោយមានការសង្ស័យពួកគាត់ក៏នាំគ្នាកាយដីស្រាប់តែប្រទៈឃើញរូប ចម្លាក់ថ្មសណ្ដូកកប់ដី ក៏នាំគ្នារើសយកមក ហើយហៅមនុស្សគ្រប់គ្នាពិនិត្យមើល និងបានរាយការណ៍ទៅសមត្ថកិច្ចស្រុកតែម្ដង ។
ដោយឡែកលោកអធិការនគរបាលស្រុកប្រាសាទបល្ល័ង្កបាន ឱ្យដឹងថា ក្រោយពេលប្រជាពលរដ្ឋរាយការណ៍ភ្លាម លោកក៏ដឹកនាំកម្លាំងទៅពិនិត្យមើល និងបានឃើញរូបចម្លាក់ថ្មបុរាណនេះមានកម្ពស់៨៥សង្ទីម៉ែត្រ មានដៃ៤ ដៃស្ដាំខាងលើកាន់អង្កាំ ដៃស្ដាំក្រោមកាន់ខ្យង តែត្រូវមុខចបកាប់បាក់ជាពីកំណាត់ ដៃឆ្វេងលើកាន់ពូថៅតែបាក់ត្រឹម.កដៃ ដៃឆ្វេងក្រោមកាន់ផ្កាឈូក តែបាក់ត្រឹមកដៃកប់ក្នុងដី។ លោកអធិការបន្តថា ពេលនោះលោកបានរាយកាណ៍ជូនលោកឧត្តមសេនីយ៍ត្រីស្នងការ និងមន្ត្រីជំនាញ បន្ទាប់មកលោកស្នងការក៏បានបញ្ជាឱ្យប្រគល់រូបសំណាកនោះទៅមន្ទីរវប្បធម៌ ខេត្តរក្សាទុកជាសម្បត្តិរដ្ឋ ។
ទាក់ទិននឹងរូបសំណាកនេះ មន្ត្រីបេតិកភណ្ឌនៃមន្ទីរវប្បធម៌ខេត្តបានធ្វើការវាយតម្លៃថា ជារូបសំណាកលោកគីរីស្វារៈ កសាងក្នុងរចនាបថសម័យអង្គរធ្វើពីថ្មភក់ ដែលនៅពីខាងលើមានរូបព្រះពុទ្ធសំដៅលើការគោរពដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ។ ជុំវិញការប្រទះឃើញរូបសំណាកខាងលើនេះ សមត្ថកិច្ចនគរបាលជំនាញបេតិកភណ្ឌបាននិយាយថា គេសង្ស័យថារូបសំណាកនេះអាចត្រូវជនខិលខូចយកទៅលាក់ទុកកាលពីពេលថ្មីៗ កន្លងទៅ ក្នុងបំណងបំបាត់ដានពីភ្នែកសមត្ថកិច្ចព្រោះថា កន្លងមក ក្រុមជនទុច្ចរិតតែងតែធ្វើសកម្មភាពលួចវត្ថុបុរាណពីខេត្តព្រះវិហារ និងកំពង់ធំទៅលក់នៅខេត្តផ្សេងៗជាញឹកញាប់៕
0 comments:
Post a Comment