ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១
អំពើហិង្សានៅតែមានការកើនឡើងក្នុង ប្រទេសលីប៊ី កាលពីថ្ងៃទី២១ មីនា ខណៈដែលកងកម្លាំងរបស់លោកមូអាម៉ា កាដាហ្វី អះអាងថា វាយដណ្តើមយកបានទីក្រុង MISRATA ជាទីក្រុងធំទី៣ របស់ប្រទេសដែលនៅទីនោះការវាយប្រហាររបស់កងទ័ពលោកកាដាហ្វី បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៤០នាក់ និង៣០០នាក់ទៀតត្រូវរបួស ។ ៣ថ្ងៃក្រោយការវាយប្រហារតាមអាកាសដើម្បីបញ្ឈប់ការបង្ហូរឈាម នៅលីប៊ីបណ្តាប្រទេសដែលចូលរួមក្នុងផ្ទៃនៃកងទ័ពចម្រុះមានការ រារែកលើវិធីដែលត្រូវអូសបន្លាយពេលនៃការធ្វើប្រតិបត្តិការ យោធានៅលីប៊ី ។ ការហក់ចូលរបស់អូតង់ធ្វើឱ្យក្រុមចម្រុះបែកបាក់គ្នា ។ បច្ចុប្បន្នប្រតិបត្តិការរបស់ក្រុមចម្រុះដឹកនាំដោយអាមេរិក បារាំង និងអង់គ្លេស ហើយមានការសម្របសម្រួលដោយសេនាធិការដ្ឋានកងទ័ពអាមេរិកនៅ RAMSTEIN (អាល្លឺម៉ង់) និងក្រុង NAPLES (អ៊ីតាលី) ។ ក៏ប៉ុន្តែប្រទេសជាច្រើនបាននិយាយជាថ្មីកាលពីថ្ងៃទី២១ មីនា ថា ពួកគេចង់ឱ្យអូតង់ស្ថិតក្នុងក្រុមចម្រុះឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ។
រដ្ឋមន្ត្រីការបរទេសលុចហ្សំបួរ លោក JEAN ASSELBORN និយាយថា ប្រទេសរបស់ខ្ញុំ ក៏ដូចជាប្រទេសដទៃៗទៀតដែរ មានមធ្យោបាយតែមួយកត់ គឺចូលរួមក្នុងក្របខណ្ឌរបស់អូតង់ ។ ចំណែកប្រទេសអ៊ីតាលីរហូតដល់និយាយថា ប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយ នោះអ៊ីតាលីនឹងលែងឱ្យក្រុមចម្រុះប្រើប្រាស់មូលដ្ឋានយោធាទាំង ឡាយរបស់ខ្លួនទៀត ។ រហូតមកទល់ពេលនេះ បារាំងពុំចង់ឱ្យអូតង់ចូលរួមក្នុងការខិតខំប្រឹងប្រែងខាងយោធា ឡើយ ដោយយល់ថា បណ្តាប្រទេសអារ៉ាប់ពុំចង់ឱ្យអូតង់ចូលរួម ។
រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោករ៉ូប៊ែត ហ្គេត ឱ្យដឹងថា ប្រទេសរបស់លោកនឹងដកខ្លួនថយពីការខិតខំប្រឹងប្រែងខាងយោធា ក្នុងប៉ុន្មានថ្ងៃខាងមុខនេះទៀត តែពុំបញ្ជាក់ពីការដកខ្លួនថយបែបម៉េចឡើយ ។ លោកគូសបញ្ជាក់ថា ការទទួលខុសត្រូវសម្របសម្រួលប្រតិបត្តិការក្នុងប៉ុន្មានថ្ងៃ ខាងមុខនេះនឹងផ្ទេរទៅឱ្យបារាំង និងអង់គ្លេស ឬទៅឱ្យអូតង់ ។ ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា មានប្រសាសន៍ថា ការចាកចេញពីអំណាចរបស់លោកកាដាហ្វី នៅតែជាគោលដៅចុងក្រោយមួយរបស់សហរដ្ឋអាមេរិក ។ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ បណ្តាភ្នាក់ងារអាមេរិក បានទទួលស្គាល់ថា វាមានការស្មុគស្មាញណាស់ ហើយរហូតដល់ទៅពុំដឹងថា តើលោកកាដាហ្វី ស្ថិតនៅកន្លែងណាផង ។
- តំបន់ហាមហោះហើរនៅលីប៊ីបង្កើតបានហើយ
ថ្ងៃទី២១ មីនា ជាថ្ងៃទី៣ ហើយនៃការវាយប្រហារតាមអាកាសរបស់ពួកលោកខាងលិច ដើម្បីការពារបណ្តាជនស៊ីវិលពីការវាយប្រហាររបស់កងទ័ពលោកកាដាហ្វី ដែលប្រតិបត្តិការនេះជាកម្មវត្ថុនៃការរិះគន់មួយចំនួន ។ ក៏ប៉ុន្តែពួកបះបោរលីប៊ី និយាយថា ចង់ឱ្យពួកគេបន្តការវាយប្រហារទៀត ។ ខាងផ្នែកប្រតិបត្តិការ នាយករដ្ឋមន្ត្រីអង់គ្លេសលោកដាវីដ កាមឺរ៉ូន ថ្លែងថា ក្រុមចម្រុះអន្តរជាតិបានកម្ទេចមួយផ្នែកធំនូវទីតាំង ការពារអាកាសរបស់លីប៊ី និងថាតំបន់ហាមហោះហើរមួយ ពេលនេះបង្កើតបានហើយក្នុងដែនអាកាសលីប៊ី ។ នៅក្រុងប៉េកាំង កាសែតជាច្រើនបានបរិហារចំពោះការវាយប្រហារតាមអាកាសនៅលីប៊ី ដោយចោទប្រកាន់បណ្តាប្រទេសដែលចូលរួមថា ចំអកឡកឡឺយចំពោះច្បាប់អន្តរជាតិ ហើយបង្កភាពចលាចលថ្មីៗទៀតនៅមជ្ឈិមបូពា៍ ។
នៅក្រុងគែរ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោកអាមរ៍ មូសា មុននេះបានបរិហារការទម្លាក់គ្រាប់បែក ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសច្រើននាក់ក្នុងចំណោមជនស៊ីវិលលីប៊ី ។ នៅក្រុងតេហេរ៉ង់ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលឡា អាលី ខាមេនី ថ្លែងថា ប្រសិនបើពួកលោកខាងលិច ចង់ជួយបណ្តាជនស៊ីវិលលីប៊ីនោះគេត្រូវបំពាក់អាវុធឱ្យពួកគេ ជាជាងទម្លាក់គ្រាប់បែកលើលោកកាដាហ្វី ហើយលោកចោទប្រកាន់សហរដ្ឋអាមេរិកថា ស្វះស្វែងធ្វើក្បាលស្ពានក្នុងប្រទេសមួយដែលសំបូរប្រេង ៕
0 comments:
Post a Comment