Wednesday, March 16, 2011

តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី ស្នើ​សុំ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​មក​ឆ្លើយ​បំភ្លឺ​អំពី​ការ​នាំ​ពលករ​ទៅ​ធ្វើ​ ការ​ក្រៅ​ប្រទេស។

ដោយ សុខ សេរី
2011-03-16
​វិទ្យុ​អាស៊ីសេរី
http://www.camnews.org/wp-content/uploads/2011/03/sonchhay305e.jpg
តំណាង រាស្រ្ដ គណបក្ស សម រង្ស៊ី លោក សុន ឆ័យ (RFA/Den Ayuthyea)
តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី លោក សុន ឆ័យ បាន​ស្នើ​សុំ​ជា​ផ្លូវ​ការ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អនុញ្ញាត​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក វង សូត្រ ចូល​ឆ្លើយ​បំភ្លឺ នៅ​ក្នុង​សភា​ជាតិ​ឲ្យ​បាន​ឆាប់ តាម​តែ​អាច​ធ្វើ​ទៅ​បាន ចំពោះ​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​កែ​លម្អ​ស្ថានភាព​នៃ​ការ​នាំ​ពលករ​កម្ពុជា​ ទៅ​ធ្វើ​ការងារ​នៅ​បរទេស។
ការ​ស្នើ​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១១ ជូន​លោក ហ៊ុន សែន តាម​រយៈ​ប្រធាន​សភា​ជាតិ លោក ហេង សំរិន។
តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ថា​ចាំបាច់​ត្រូវ​តែ​មាន​ការ​កែ​សម្រួល និង​ចាត់​វិធានការណ៍​ប្រឆាំង​ក្រុមហ៊ុន​មួយ​ចំនួន ដែល​រត់​ពន្ធ​មនុស្ស តាម​រយៈ​នាំ​ចេញ​ពលករ​ទៅ​ក្រៅ​ប្រទេស​កម្ពុជា ៖ “ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​នេះ គឺ​អត់​បាន​បំពេញ​តួនាទី​ត្រឹមត្រូវ​ទេ នៅ​ក្នុង​ការ​ចាត់​វិធានការណ៍​លើ​ក្រុមហ៊ុន ដែល​យក​មនុស្ស​ទៅ​ធ្វើ​ការ​ងារ​នៅ​ក្រៅ​ប្រទេស​នេះ ទាំង​ការ​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ ទាំង​ការ​ចាត់​វិធានការណ៍​នៅ​ពេល​មាន​រឿង​រំលោភ​លើ​សិទ្ធិ​របស់​កម្មករ​ទាំង ​នេះ។ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​តែ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ជួយ​ចាត់​ចែង​ផង“។
លក្ខខ័ណ្ឌ​មួយ​ចំនួន តម្រូវ​ឲ្យ​មាន​ការ​កែ​សម្រួល​នោះ មាន​ដូច​ត​ទៅ៖ ទី១ ការ​ប្រើប្រាស់​លុយ និង​កិច្ចសន្យា​ដោយ​ខុស​ច្បាប់​របស់​ក្រុមហ៊ុន ទី​២ ទីតាំង​ហ្វឹកហ្វឺន​កម្មករ​របស់​ក្រុមហ៊ុន T&P មាន​លក្ខណៈ​ដូច​ជា​មន្ទីរ​ឃុំឃាំង ទី​៣ មាន​សេចក្ដី​រាយ​ការណ៍​ថា ក្រុមហ៊ុន T&P បាន​ទទួល​យក​ក្មេង​ក្រោម​អាយុ ១៨​ឆ្នាំ ទី​៤ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ មាន​ភាព​ធូរ​រលុង​ក្នុង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​នាំ​មនុស្ស​ចេញ​ទៅ​ធ្វើ​ការ​ ងារ​នៅ​បរទេស ទី​៥ សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ហាម​ប្រាម​ការ​ដក​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លង​ដែន​ពី​កម្មករ និង​ទី​៦ សុំ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សភា​ជាតិ។
ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​ សហគមន៍ លោក មឿន តុលា ដែល​បាន​តាម​ដាន​សំណុំ​រឿង​របស់​ក្រុមហ៊ុន T&P កន្លង​មក បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​សំណើ​នេះ ៖ “ចាប់​ផ្ដើម​មាន​ ការ​សង្ស័យ​នៅ​ពេល​ដែល​មាន​រឿង​ធំ​២ កើត​ឡើង ហើយ​ក្រុមហ៊ុន​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន ក៏​ដូច​ជា​អ្នក​អង្កេត​ការណ៍​ខាង​សង្គម​ស៊ីវិល​ហ្នឹង​បាន​ចូល​ទៅ​ជួប និង​ពិនិត្យ​សាក​សព​ទេ។ ជា​ពិសេស​ថ្ងៃ​កើត​ហេតុ​នោះ​តែ​ម្ដង“។
លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា លោក កំពុង​តែ​រង់ចាំ​ចម្លើយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ច្បាប់​បាន​ចែង​ថា សំណើ​របស់​តំណាង​រាស្ត្រ​ទៅ​រដ្ឋាភិបាល គប្បី​មាន​ការ​ឆ្លើយ​តប​វិញ​ក្នុង​រយៈ​ពេល ១​សប្ដាហ៍។
លោក សុន ឆ័យ បាន​សរសេរ​លិខិត​ទៅ​ស្ថានទូត​ប្រទេស​ម៉ាឡេស៊ី និង​ស្ថានទូត​ប្រទេស​សិង្ហបុរី នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដើម្បី​សុំ​ឲ្យ​ចូល​រួម​តាម​ដាន​សំណុំ​រឿង​នេះ ដោយ​សារ​តែ​លោក​សង្ស័យ​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន រាប់​ទាំង​ក្រុមហ៊ុន T&P រត់​ពន្ធ​មនុស្ស​ទៅ​ក្រៅ​ប្រទេស​កម្ពុជា។
តំណាង​ក្រុមហ៊ុន T&P កន្លង​មក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ ការ​ស្នើ​ដោយ​លោក ស៊ុន ឆ័យ នោះ គឺ​ក្រោយ​ពី​ដែល​មាន​ផ្ទុះ​រឿង​អាស្រូវ​ធំ​មួយ នៅ​ក្នុង​ក្រុមហ៊ុន​នាំ​ចេញ​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ឈ្មោះ T&P ដោយ​សារ​តែ​មាន​ស្ត្រី​ឈ្មោះ ហេង ហាក់ បាន​លោត​ចេញ​ពី​អាគារ​ក្រុមហ៊ុន T&P កម្ពស់ ៣​ជាន់ កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១១ បណ្ដាល​ឲ្យ​បាក់​ជើង​ទាំង​២ និង​មាន​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ស៊ឹង ស៊ីណា បាន​ដេក​ស្លាប់​នៅ​ក្នុង​ក្រុមហ៊ុន​នេះ កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១១ ដោយ​សារ​គាំង​បេះដូង៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys